(បន្ទាយមានជ័យ)៖ លោក សេរី កុសល អ្នកតំណាងរាស្រ្តខេត្តបន្ទាយមានជ័យ ដឹកនាំសមាជិក សមាជិកាក្រុមការងារ ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ ជួបសំណះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋចំនួន១៣០០គ្រួសារ មកពីភូមិចំនួន២ ក្នុងឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

ក្នុងពិធីនេះ ក៏មានវត្ដមានជាអធិបតី នៃលោកស្រីឧកញ៉ា ហេម ចិត្តា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន តំណាងឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ លោក សេរី កុសល បានពាំនាំនូវសេចក្ដីនឹករលឹកសួរសុខទុក្ខ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចែកជួនចពោះបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់។

លោក សេរី កុសល ក៏បានរំលឹកអំពីអតីតកាល និងចំណុចថា ហេតុអ្វី បានជាបងប្អូនត្រូវបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ធានាការពារបាន នូវរបបរាជានិយម ដែលជាកត្ដាសំខាន់ឆ្ពោះទៅរកសុខសន្ដិភាព ដើម្បីឈានទៅរកការអភិវឌ្ឍន៍។

លោក សេរី កុសល បានលើកពីឧបាយកល នៃអ្នកនយោបាយអគតិ របស់លោក សម រង្សី កាលមិនចូលរួមបោះឆ្នោត គណបក្សភ្លើងទៀន ពន្យល់ចែកជូនប្រជាពលរដ្ឋ​ ឲ្យបានយល់ជ្រាប។

ទន្ទឹមគ្នានេះ លោក សេរី កុសល ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ គាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងអណត្តិទី៧នេះជាបន្តទៀត និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន នាពេលអនាគត។

លើសពីនោះទៀត លោក សេរី កុសល បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលខាងមុខនេះ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា កុំបីអាក់ខានឡើយ។

លោក សេរី កុសល ក៏បានឧបត្ថម្ភដល់ស្ដ្រីមានផ្ទៃពោះ ម្នាក់៥ម៉ឺនរៀលផងដែរ៕