(ភ្នំពេញ)៖ ស្ត្រីម្នាក់ត្រូវបានក្រុមអាជីវករ ឃាត់ខ្លួនភ្លាមៗប្រគល់ឲ្យ កម្លាំងនគរបាលប៉ុស្ដិ៍ទួលសង្កែ ខណ្ឌឬស្សីកែវ យកទៅសួរនាំ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបលុយ ពីស្ត្រីរងគ្រោះម្នាក់ ដែលកំពុងឈរលក់ដូរ មិនបានសម្រេច។
ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ នៅត្រង់ចំណុចក្នុងផ្សារទំនប់ ហៅផ្សារងិនអាន ស្ថិតក្នុង ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ មន្ត្រីនគរបាលប៉ុស្ដិ៍ទួលសង្កែ បានឲ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះកំពុងតែ ឈរលក់ដូរ ដូចសព្វដង នៅក្នុងផ្សារ ខណៈនោះស្រាប់តែលេចមុខស្ត្រី ត្រូវជនសង្ស័យមកធ្វើសកម្មភាព ឆក់យកកាបូបលុយតែម្ដង និងព្យាយាមរត់ ប៉ុន្តែរត់មិនរួចត្រូវស្ត្រីរងគ្រោះ និងក្រុមអាជីវករជួយ ចាប់ឃាត់ខ្លួនបានភ្លាមៗនៅ និងកន្លែងកើតហេតុដោយដកហូតបាន កាបូបលុយមកវិញផងដែរ។
មន្ត្រីនគរបាលប៉ុស្ដិ៍ទួលសង្កែ បានឲ្យដឹងទៀតថា ស្ត្រីសង្ស័យជាចោរឆក់មានឈ្មោះ វេន ស្រីវឿន អាយុ២០ឆ្នាំ មានមុខរបរមិនពិត ប្រាកដស្នាក់នៅ ភូមិស្រែអំបិល សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើត នៅភូមិត្រពាំងក្ដារ ឃុំត្រពាំងក្ដារ ស្រុកដងទង់ ខេត្តកំពត។
ដោយឡែកស្ត្រីរងគ្រោះមិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ ព្រោះបន្ទាប់ពីកើតហេតុមិនបាន មកដាក់ពាក្យបណ្ដឹងនោះឡើយ ដោយសារយកកាបូបលុយបានមកវិញភ្លាមៗ។ បច្ចុប្បន្នស្ត្រីសង្ស័យ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ទួល សង្កែឃាត់ខ្លួនបញ្ជូនបន្ត ទៅសួរនាំនៅអធិការដ្ឋាន នគរបាលខណ្ឌឫស្សីកែវ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕