(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានបើកប្រតិបត្តិការបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ព្រមទាំងចាប់យកសម្ភារៈវត្ថុតាងមួយចំនួន នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ដោយជនសង្ស័យទី១៖ ឈ្មោះ រ៉េត ឃឿត អាយុ៤៣ឆ្នាំ មុខរបរកម្មករ បច្ចុប្បន្នរស់នៅភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង (ជួញដូរ និងប្រើប្រាស់) និងទី២៖ ឈ្មោះ ស៊ុន វិឆៃ អាយុ២៥ឆ្នាំ មុខរបរលក់ដូរ បច្ចុប្បន្នរស់នៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង (ប្រើប្រាស់)។
លោកបញ្ជាក់ថា នៅវេលាខាងលេីកម្លាំងបានចុះល្បាតការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ក្នុងភូមិសាស្រ្តក្រុង លុះមកដល់ចំណុចខាងលេីក៏បានប្រទះឃើញជនសង្ស័យចំនួន២នាក់ បានឈប់ម៉ូតូ នៅទីងងឹតគួរឲ្យសង្ស័យ ពេលនោះកម្លាំងក៏បានហៅមកសួរនាំ ព្រមទាំងធ្វើការឆែកឆេររកឃើញគ្រឿងញៀនប្រភេទទឹកកកចំនួន៣ថង់កិប ទម្ងន់ ៣៥.១៧ក្រាម នៅលើខ្លួនរបស់ឈ្មោះ រ៉េត ឃឿត។ ភ្លាមនោះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២ មកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីចាត់ការតាមនីតិវិធី។
បន្ទាប់ពីឃាត់ខ្លួន កម្លាំងជំនាញបានធ្វើតេស្តពិនិត្យរកសារធាតុញៀនក្នុងទឹកនោមជនសង្ស័យទាំង២នាក់ខាងលើ ជាលទ្ធផលវិជ្ជមាន។ ក្រោយឃាត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាង ជាក់ស្តែកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្ត។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។ បច្ចុប្បន្នជន សង្ស័យទាំង២នាក់ រួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ៕