(សៀមរាប)៖ ក្នុងទិវាវេជ្ជសាស្រ្តប្រចាំឆ្នាំ ដើម្បីពង្រឹងគុណភាពសេវា និងវិជ្ជាជីវៈគ្រូពេទ្យ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការចូលរួមពីគ្រូពេទ្យរដ្ឋ និងឯកជនសរុបប្រមាណជាង២០០នាក់។
លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានលើកឡើងថា ការរៀបចំទិវានេះមានសារសំខាន់ណាស់ ដើម្បីឲ្យក្រុមគ្រូពេទ្យទាំងអស់មានឱកាសជួបជុំគ្នា ផ្លាស់ប្ដូរបទពិសោធន៍ រៀននូវអ្វីៗដែលរកឃើញថ្មីៗ ដែលនឹងយកទៅអនុវត្តន៍ក្នុងវិជ្ជាជីវៈជាគ្រូពេទ្យ សម្រាប់បម្រើសេវាដល់អ្នកជំងឺរៀងៗខ្លួន។
លោក ក្រុស សារ៉ាត់ បានបន្តថា ការផ្ដល់សេវាសុខាភិបាលចាំបាច់ត្រូវមានការចូលរួមពី៣ភាគី សំខាន់ៗ ក្នុងនោះមាន គ្រូពេទ្យ អ្នកទទួលសេវា ឬប្រើប្រាស់សេវា និងអ្នកគាំទ្រសេវា មានជាអាថ៌ អ្នកសារព័ត៌មានជាដើម ដែលពួកគេនឹងរង់ចាំមើលការផ្តល់សេវាពីគ្រូពេទ្យ ថាតើផ្តល់ទៅអ្នកទទួលល្អ ឬយ៉ាងណា ដើម្បីផ្សព្វផ្សាយទៅសាធារណជនបានដឹងផងដែរ។
លើសពីនេះទៀត លោកប្រធានមន្ទីរសុខាភិបាល បានសង្កត់ធ្ងន់ទៅដល់ក្រុមគ្រូពេទ្យទាំងអស់ ត្រូវពង្រឹង សមត្ថភាព វិជ្ជាជីវៈរបស់ខ្លួន ក្នុងន័យបន្តពង្រឹងប្រព័ន្ធសុខាភិបាលកម្ពុជា អោយកាន់តែល្អប្រសើរជា បន្តបន្ទាប់ ស្របតាមការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលផងដែរ។
ជាមួយនេះដែរ លោកប្រធានមន្ទីរក៏បានកោតសរសើរចំពោះថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលបានរៀបចំទិវាវេជ្ជសាស្រ្តនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនេះឡើង និងសង្ឃឹមថា ទិវានេះនឹងមាន ការផ្លាស់ប្ដូរ និងការរកឃើញអ្វីថ្មីៗបន្ថែមទៀត ដើម្បីអោយវិស័យសុខាភិបាលនៅក្នុងខេត្តកាន់តែរីកចម្រើន៕