(ភ្នំពេញ)៖ ទូរស័ព្ទ Samsung ត្រកូល Galaxy Note ត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោកថាជា ប្រភេទទូរស័ព្ទដ៏ទំនើបល្អប្លែក ដែលក្រុមហ៊ុន Samsung បានលក់ចេញលើសពី ៥០លានគ្រឿង ក្នុងចន្លោះឆ្នាំ ២០១១ និង ២០១៣ ហើយពីមួយជំនាន់ទៅមួយ ជំនាន់ទូរស័ព្ទ Samsung Galaxy Note កាន់តែមានសន្ទុះក្នុង ការវិវត្តន៍ដ៏អស្ចារ្យ។
ការវិវត្តន៍នេះបានចាប់ផ្តើមទ្បើងតាំងពីខែកញ្ញា ឆ្នាំ ២០១១ ដោយក្រុមហ៊ុន Samsungបានចេញលក់ទូរស័ព្ទ Galaxy Note ដែលជា ទូរស័ព្ទដំណើរការដោយប្រព័ន្ធ Android ដំបូងបំផុត ដែលបំពាក់នូវប៊ិច S Pen ដ៏វ័យឆ្លាត ហើយភាពជោគជ័យនៃទូរស័ព្ទនេះបានធ្វើឲ្យមនុស្សជាច្រើនចាប់ផ្តើមស្គាល់ទូរស័ព្ទ Samsung ត្រកូល Galaxy Note។
បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ ក្រុមហ៊ុន Samsung ក៏បានបង្ហាញមុខមាត់ថ្មី របស់ទូរស័ព្ទ Samsung Galaxy Note II ដែលបានកែច្នៃចំណុចខ្សោយខ្លះៗដូចជា ប៊ិច S Pen កាមេរ៉ា និងប្រព័ន្ធទំនាក់ទំនងដើម្បី ឲ្យមានភាពល្អប្រសើរ ជាងមុន។
ទោះបីបច្ចេកវិទ្យាក្នុងពេលបច្ចុប្បន្ននេះកំពុងមានសន្ទុះយ៉ាងណាក៏ដោយ ទូរស័ព្ទGalaxy Note III ដែលត្រូវបានផលិតក្នុងឆ្នាំ ២០១៣ នៅតែអាចរក្សាកេរ្តិ៍ឈ្មោះបានយូរ ដោយសារតែវាជាទូរស័ព្ទស៊េរី Galaxy Note ដំបូងបង្អស់ដែលបំពាក់នូវអេក្រង់ប្រភេទ Super AMOLED ដែលមានទំហំដល់ទៅ ៥,៧អ៊ីញ ជាមួយនឹងកម្រិតភាពច្បាស់ 1080 x 1920 ភិចសែល។
គំនិតច្នៃប្រឌិតលើការរចនារូបរាងទូរស័ព្ទរបស់ក្រុមហ៊ុន Samsung កាន់តែមានភាពទំនើប ជឿនលឿន ដែលធ្វើឲ្យពួកគេអាចផលិត ទូរស័ព្ទ Samsung Galaxy Note 4 បានយ៉ាងស្អាត រលើបរលោង ព័ទ្ធទៅដោយស៊ុមលោហៈជុំវិញគួរអោយទាក់ទាញ និងទូរស័ព្ទ Samsung Galaxy Note Edge ដែលមានអេក្រង់ហៀរមកគែមចំហៀងពិសេស ខុសប្លែកពីស្មាតហ្វូនដទៃទៀត។
ជិតមួយឆ្នាំហើយ ទូរស័ព្ទ Samsung Galaxy Note 5 បានបង្ហាញរូបរាងស្តើង រលើបរលោង ដែលបំពាក់ទៅដោយអេក្រង់ដ៏ធំ កាមេរ៉ាភ្លឺច្បាស់ល្អ និងថ្មកាន់បានយូរ ដែលក្រុមហ៊ុន Samsung មិន ធ្លាប់ផលិតពីមុនមក ហើយក្នុងពេលឆាប់ៗនេះដែរ ក្រុមហ៊ុន Samsung នឹងដាក់បង្ហាញទូរស័ព្ទ Samsung Galaxy Note ថ្មីទំនើប ដែលជាបច្ចេកវិទ្យាដ៏កំពូលរបស់ទូរស័ព្ទត្រកូល Galaxy Note។
បើតាមវេបសាយ PCAdvisor បានឲ្យដឹងថា៖ Samsung ត្រូវបានគេដឹងថា នឹងប្រកាសជាផ្លូវការនូវទូរស័ព្ទ Galaxy Note 7 និងរំលងទូរស័ព្ទ Galaxy Note 6 ដើម្បីទាន់ជាមួយស៊េរីត្រកូល S របស់ខ្លួន ដែលបានលក់ចេញជាផ្លូវការ កាលពីដើមឆ្នាំ ២០១៦ កន្លងទៅ។
វេបសាយ BRG បានបញ្ជាក់ថា តាមរយៈការបែកធ្លាយថ្មីៗនេះ Samsung Galaxy Note 7 អាចនឹងមានលក្ខណៈពិសេសថ្មី ខុសប្លែកពីទូរស័ព្ទដទៃៗទៀតលើទីផ្សារ ដោយសារតែទូរស័ព្ទនេះភ្ជាប់ជាមួយ នូវ iris scanner ក្នុងការស្កេនប្រស្រីភ្នែកដើម្បី ដោះសោរដ៏ទំនើប ដែលផ្តល់សុវត្ថិភាពខ្ពស់ដល់អ្នកប្រើប្រាស់ និងប្រព័ន្ធ IP68 ដែលការពារធូលីដី មិនជ្រាបទឹកបានយ៉ាងល្អ ព្រមទាំងបច្ចេកវិទ្យាថ្មី TouchWix interface ដ៏កំពូលរបស់ Android ។
ទោះបីជាយ៉ាងណានៅថ្ងៃទី ០២ ខែសីហា នាពេលខាងមុខនេះ ការពិតនឹងបង្ហាញថាតើទូរស័ព្ទ Samsung ត្រកូល Galaxy Note ចុងក្រោយនេះពិតជាកំពូលស្មាតហ្វូន ដែលមានលក្ខណៈសម្បត្តិពិសេស ជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយខុសពីត្រកូល Galaxy Note រៀមច្បងមុនៗ និងអស្ចារ្យជាង ស្មាតហ្វូនដទៃទៀត ដូចដែលគេហរទំព័រជាតិ និងអន្តរជាតិ យ៉ាងច្រើនលើសលប់បានធ្វើ ការទស្សន៍ទាយដែរ ឬយ៉ាងណា៕