(កណ្ដាល)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល បានថ្លែងថា ស្រុកល្វាឯម នឹងក្លាយជាទីក្រុងរណបថ្មីមួយ ក្រោយស្ពានឆ្លងកាត់ពីជ្រោយចង្វារ មកកាន់ក្រុងអរិយក្សត្រ និងស្ពានឆ្លងកាត់ទន្លេមេគង្គពីស្រុកកៀនស្វាយ មកស្រុកល្វាឯមស្ថាបនារួចនៅឆ្នាំ២០២៧ខាងមុខនេះ ដែលនេះសបញ្ជាក់ឲ្យឃើញពីតម្លៃ នៃសុខសន្តិភាព ទើបយើងមានឱកាសអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើនឡើងពីមួយកម្រិតទៅកម្រិត។
ឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន ថ្លែងបែបនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេ ២ខ្សែ ផ្លូវក្រាលគ្រួសក្រហម ចំនួន១ខ្សែ នៅឃុំកោះរះ ឃុំថ្មគរ ឃុំព្រៃករៃ និងឃុំទឹកឃ្លាំង ស្រុកល្វាឯម នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។
ពិធីនេះក៏មានការចូលរួមពី លោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក នូវប៉េង ច័ន្ទតារា អភិបាលស្ដីទី នៃគណៈអភិបាលខេត្តកណ្ដាល, ប្រធាន, អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុង-ស្រុក អភិបាលក្រុង ស្រុក លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋប្រមាណ៧០០នាក់។
ក្នុងឱកាសនោះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកដ៏ជ្រាលជ្រៅពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ស្រុកល្វាឯម ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ នៅទូទាំងខេត្តកណ្តាល។
ឧបនាយករដ្ឋមន្ត្រី បានបន្តថា គម្រោងស្ពានដែលឆ្លងកាត់ពីស្រុកកៀនស្វាយ មកស្រុកល្វាឯមនេះ គ្រោងនឹងធ្វើថ្នល់លើអាកាស រហូតដល់ផ្លូវល្បឿនលឿនតែម្ដង តែឆ្លងកាត់តាមការពិចារណាក្នុងទិសដៅ ដើម្បីផលប្រយោជន៍ប្រជាជន ក្រសួងសាម៉ីពាក់ព័ន្ធ បានពិភាក្សាគ្នាដោយឈរលើផលប្រយោជន៍ប្រជាជនជាធំ ក៏សម្រេចថា សាងសង់ជាផ្លូវក្រោមវិញ ដើម្បីបង្កភាពងាយស្រួលដល់ពលរដ្ឋទាំងផ្នែកសេដ្ឋកិច្ចដីធ្លី និងការធ្វើដំណើរផងដែរ។
លោកបានរំលេចពីការរីកចម្រើននេះ ក៏អាស្រ័យលើកត្តាសុខសន្តិភាពជាធំ ដែលជាមូលដ្ឋានសំខាន់បំផុតញ៉ាំងឲ្យយើងមានឱកាស ក្នុងការកសាងជាតិ មាតុភូមិឲ្យរីកចម្រើនឡើងក្រោមការដឹកនាំ និងរកបានសន្តិភាពដោយលំបាកលំបិនពីសំណាក់សម្ដេចតេជោ ហ៊ុន សែន។ ដូច្នេះយើងទាំងអស់គ្នា ត្រូវប្ដេជ្ញាថែរក្សាសន្តិភាពឲ្យគង់វង្សជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ ត្រូវរួមគ្នាការពារសន្តិភាព ឲ្យបានស្ថិតស្ថេរជាអមតៈ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា។
លោកបានបញ្ជាក់បន្ថែមថា ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា បាននិងកំពុងបន្តឈានឡើងជាលំដាប់ឥតឈប់ឈរ នៅលើមាគ៌ាដ៏ត្រឹមត្រូវ និងប្រកបដោយក្ដីសង្ឃឹម។ មនុញ្ញផល នៃការអភិវឌ្ឍដែលយើងទាំងអស់គ្នា កំពុងតែក្រេបជញ្ជក់សព្វថ្ងៃនេះ, កើតចេញពីការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបាននាំមកជូនប្រទេស និងប្រជាជាតិយើង នូវសុខសន្តិភាពពេញផ្ទៃប្រទេស និងបន្តដឹកនាំអភិវឌ្ឍន៍ប្រទេសចេញពីបាតដៃទទេ រហូតសម្រេចបាននូវសមិទ្ធផលជាច្រើនឥតគណនា ដូចបច្ចុប្បន្ន។
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ស្នើឲ្យរដ្ឋបាលខេត្ត ជំរុញដល់ក្រុមការងាររាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់, គណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់, រដ្ឋបាលស្រុកកៀនស្វាយ ក៏ដូចជាប្រជាពលរដ្ឋទូទៅ បន្តយកចិត្តទុកដាក់លើការងារសំខាន់ៗមួយចំនួន ដែលបានដាក់ចេញ ដោយត្រូវបំពេញការងារទាំងនោះឲ្យបានល្អ ចេញជាលទ្ធផលផ្លែផ្កាសមប្រកប៕