(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យក្រសួងទេសចរណ៍ បង្កើតសាលាជាតិសម្រាប់បណ្ដុះបណ្ដាល វិជ្ជាជីវៈទេសចរណ៍ សម្តៅបណ្ដុះបណ្ដាលកម្លាំងពលកម្មថ្មី ឱ្យបានលើស១ពាន់នាក់ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០១៩តទៅ។ នេះបើតាមការលើកឡើងរបស់ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។
ក្នុងឱកាសសន្និបាតបូកសរុបលទ្ធផលការងារ របស់គណៈកម្មាធិការជាតិ អ្នកជំនាញទេសចរណ៍ ឆ្នាំ២០១១, ឆមាសទី១នៃឆ្នាំ២០១៦ និងទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០១៦ និងឆ្នាំ២០១៧ ក្នុងសាលសន្និសីទចតុមុខភ្នំពេញ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦នេះ លោករដ្ឋមន្រ្តី ថោង ខុន ប្រធានគណៈកម្មាធិការជាតិ អ្នកជំនាញទេសចរណ៍ បានឱ្យដឹងថា ក្នុងក្របខណ្ឌអាស៊ាន ប្រទេសជាសមាជិក ទាំងអស់ បានទទួលយកការបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍ តាមស្តង់ដារួមលើមុខជំនាញចំនួន៣២មុខ នៃសេវាកម្មសណ្ឋាគារ និងសេវាកម្មធ្វើដំណើរ ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងទទួលស្គាល់ គ្នាទៅវិញទៅមក លើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN MRA-TP) ដែលមានគោលដៅសម្រួលបម្លាស់ទី ការងារទាំង៣២មុខជំនាញ ក្នុងតំបន់និងក្រៅតំបន់។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យក្រសួងទេសចរណ៍បង្កើត សាលាជាតិសម្រាប់បណ្ដុះបណ្ដាល វិជ្ជាជីវៈទេសចរណ៍ នៅរាជធានីភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ ក្រោមកិច្ចសហប្រតិបត្តិការឥណទាន ជាមួយទីភ្នាក់ងារ អភិវឌ្ឍន៍បារាំង (AFD) ដែលមានសមត្ថភាពបណ្ដុះបណ្ដាលកម្លាំង ពលកម្មថ្មីបាន១៣០០នាក់ ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០១៩ តទៅ បើតាមការគ្រោងទុក»។
ក្នុងពិធីដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការ តំណាងសណ្ឋាគារណាហ្គាវ៉ើល និងនិស្សិតចំនួន៦០០នាក់ខាងលើនេះ ក៏មានការចុះអនុស្សារណៈយោគយល់គ្នារវាង គណៈកម្មាធិការអ្នកជំនាញទេសចរណ៍ និងអង្គការអន្តជាតិ Swisscontact ស្ដីពី «កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍ ជំនាញទេសចរណ៍» ផងដែរ។
លើសពីនេះ លោករដ្ឋមន្រ្តី ថោង ខុន ក៏បានអញ្ជើញចែកវិញ្ញាបនប័ត្រជូនដល់មន្រ្តី ដែលមានស្នាដៃ ក្នុងការសម្រេចការងារដែលមកពី សាលាបណ្ដុះបណ្ដាល និងមន្ទីរស្ថាប័នផ្សេងៗ។
សន្និបាតបូកសរុបលទ្ធផលការងារគណៈកម្មាធិការជាតិ អ្នកជំនាញទេសចរណ៍នេះ ត្រូវប្រព្រឹត្តទៅចាប់ពីម៉ោង៨៖០០នាទីនិងបិទ បញ្ចប់នៅម៉ោង១២៖៣០នាទី ថ្ងៃដដែល ហើយក្នុងឱកាសបិទបញ្ចប់នេះដែរ លោក ថោង ខុន ក៏ដូចជាអង្គសន្និបាតទាំងមូលបាន សម្រេចដាក់ចេញនូវទិសដៅបន្ត ចំនួន១០ចំណុច និងបានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់រួមមាន រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចពាក់ព័ន្ធ សាកលវិទ្យា សលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ ផ្នែកឯកជន ដៃគូអភិវឌ្ឍន៍នានា ត្រូវចូលរួមអនុវត្តគោលដៅទាំងឡាយ ឱ្យបានខ្ជាប់ខ្ជូនប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់៕