(ភ្នំពេញ)៖ អ្នកស្រី ស៊ន សាវឿន មេភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានទទួលរងនូវការគំរាមបាញ់សម្លាប់ចោល និងចាប់ដាក់គុកដាក់គុក ពីសំណាក់មន្រ្តីយោធាម្នាក់ ខណៈអ្នកស្រីមេភូមិ និងអាជ្ញាធរមូលដ្ឋានបាន ចុះទៅហាមឃាត់ការសង់ផ្ទះ របស់មន្រ្តីយោធារូបនេះ ដែលគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦នេះ។
អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា «មន្រ្តីយោធារូបនេះបានសាងសង់ផ្ទះអត់សុំច្បាប់អនុញ្ញាត ហើយពេលអាជ្ញាធរចុះទៅធ្វើការហាមឃាត់ និងអប់រំណែនាំជាច្រើនដង ដើម្បីឲ្យសុំច្បាប់ជាមុនសិន ប៉ុន្តែគាត់អាងខ្លួនជាមន្ត្រីយោធា មិនបានស្ដាប់អាជ្ញាធរបន្តិចឡើយ»។
ដោយសារតែហាមមិនស្តាប់បែបនេះអាជ្ញាធរភូមិ-សង្កាត់ បានដឹកនាំកម្លាំងចុះទៅដកហូតយកសំភារៈសាងសង់ ទៅរក្សាទុកជាការព្រមានជាបណ្តោះអាសន្ន ប៉ុន្តែក៏ត្រូវយោធាខាងលើគំរាមបាញ់សម្លាប់ និងចង់ចាប់ដាក់គុកទៀតផង។
ជាមួយគ្នានេះ នៅពេលក្រុមអ្នកកាសែត ចុះថតយកព័ត៌មានក៏ត្រូវបានយោធារូបនោះ បញ្ជាឲ្យអង្គរក្ស២នាក់ ចាប់យកទូរស័ព្ទ និងកាតសំគាល់ខ្លួន ទៅលុបរូបភាពចោល នៅនឹងមុខអាជ្ញាធរទៀតផង។ បើតាមការបញ្ជាក់ពីអាជ្ញាធរ មន្រ្តីយោធានោះមានឈ្មោះ ច័ន្ទ រដ្ឋា ប៉ុន្តែមិនដឹងថា បម្រើការងារនៅអង្គភាពណា និងពាក់ស័ក្តិប៉ុន្មាននោះទេ៕