(ព្រះសីហនុ)៖ លោក គួច ចំរើន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយតំណាងក្រុមហ៊ុនដឹកជញ្ជូន និងជើងសាគយ នៃសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។

លោក នង សុខុម ប្រធានសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ ថ្ងៃនេះយើងបានធ្វើការជួបជុំគ្នា ក្នុងគោលបំណង ដើម្បីពង្រឹងរឹតចំណងទំនាក់ទំនងការងារ និងស្វែងយល់គ្នារវាងមន្ត្រីគយ និងរដ្ឋាករ ជាមួយវិស័យឯកជន ពិសេសបងប្អូនដែលកំពុងបំពេញការងារនៅសាខាគយ និងរដ្ឋារកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ឱ្យកាន់តែប្រសើរឡើងថែមទៀត។

បងប្អូនទទួលសិទ្ធិពីអ្នកនាំចេញ-នាំចូល គឺជាអន្តរការីមួយដ៏សំខាន់ក្នុងការបំពេញបែបបទបញ្ចេញទំនិញ និងបង់ពន្ធ ព្រមទាំងអាករផ្សេងៗ ជូនរដ្ឋបាលគយឱ្យបានគ្រប់ និងលើសផែនការដែលបានកំណត់។ ការផ្តល់សេវាកម្មដ៏ល្អរបស់បងប្អូនជាកត្តាមួយដ៏សំខាន់ផងដែរក្នុងការអូសទាញ និងបង្កើននូវកំណើនទំនិញនាំចេញ-ចូលតាមមាត់ច្រកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ។ សូមបងប្អូនបន្តកិច្ចខិតខំប្រឹងប្រែង ផ្តល់សេវាជូនអតិថិជនរបស់បងប្អូនឱ្យកាន់តែល្អថែមទៀត នោះមានន័យថា បងប្អូនក៏បានរួចចំណែកជួយបង្កើនសង្វាក់សេដ្ឋកិច្ច និងអាចបង់ចំណូលចូលថវិកាជាតិបានលឿន។

លោក គួច ចំរើន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តព្រះសីហនុ បានអបអរសាទរពិធីជួបជុំសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយតំណាងក្រុមហ៊ុនដឹកជញ្ជូន និងជើងសាគយ នៃសាខាគយ និងរដ្ឋាករកំពង់ផែស្វយ័តអន្តរជាតិ ក្រុងព្រះសីហនុ ចំនួន ២៣០នាក់ និងបុគ្គលិកភោជនីយដ្ឋានឆ្នេរថ្មី ក្រុងព្រះសីហនុ ចំនួន៣០នាក់។

ប្រធានគណបក្សខេត្ត នេះជាគំនិតផ្ដួចផ្ដើមរៀបចំចងក្រងសមាគមតំណាងក្រុមហ៊ុនដឹកជញ្ជូន និងជើងសាគយ ដែលជាក្រុមបំរើការងារក្រៅប្រព័ន្ធ ដើម្បីមានសិទ្ធិស្នើសុំប័ណ្ណរបបសន្ដិសុខសង្គម (បសស) សម្រាប់ទទួលបានអត្ថប្រយោជន៍សង្គមពីរាជរដ្ឋាភិបាលកម្ពុជា ហើយបានស្នើឱ្យលោក នង សុខុម ជួយសម្របសម្រួលជាមួយបងប្អូន។

ទន្ទឹមនឹងនោះ លោកក៏បានស្នើសុំឱ្យបងប្អូន តំណាងក្រុមហ៊ុនដឹកជញ្ជូន និងជើងសាគយ ចូលរួមគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ថែរក្សាសុខសន្ដិភាពសម្រាប់ការអភិវឌ្ឍសង្គមជាតិ និងរក្សាបាននូវសុខសន្តិភាព ស្ថេរភាពប្រកបដោយនិរន្ដភាពការងារ ដែលជាឆ្នាំងបាយរបស់បងប្អូន។

ក្នុងឱកាសនោះ ប្រធានគណបក្សខេត្ត ក៏បាននាំយកថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភជូនតំណាងក្រុមហ៊ុនដឹកជញ្ជូន និងជើងសាគយ នៃសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ចំនួន ២៣០នាក់ បុគ្គលិកភោជនីយដ្ឋានឆ្នេរថ្មី ក្រុងព្រះសីហនុ ចំនួន៣០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៥ម៉ឺនរៀល៕