(បន្ទាយមានជ័យ)៖ លោក គាគ ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខកម្លាំងប្រជាការពារភូមិទាំង៦ភូមិ ចំនួន២០០នាក់ នៃសង្កាត់ប៉ោយប៉ែត។
ប្រជាការពារភូមិទាំង៦ភូមិ នៃសង្កាត់ប៉ោយប៉ែត ចំនួន២០០នាក់ បានទទួលអំណោយពីលោកចៅសង្កាត់ប៉ោយប៉ែត និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ នៅសាលាសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត បានប្រាប់ថា ប្រជាការពារភូមិទាំង៦ភូមិ ស្មើ២០០នាក់ បានជួបសំណេះសំណាល និងទទួលអំណោយលើកទឹកចិត្តពីលោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត ម្នាក់ៗទទួលបានខោអាវប្រជាការពារភូមិ១កំផ្លេ និងថវិកា១ម៉ឺនរៀល ដែលសរុបថវិកាចំនួន១៤លានរៀល។
លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត បានបញ្ជាក់ថា អំណោយលើកទឹកចិត្តចំពោះប្រជាការពារភូមិចំនួន២០០នាក់ មានថវិកា និងសម្លៀកបំពាក់១កំផ្លេរ ដើម្បីឲ្យប្រជាការពារភូមិមានឯកសណ្ឋានត្រឹមត្រូវ សម្រាប់ធ្វើការបម្រើសន្តិភាពឲ្យមានសន្តិសុខ និងសណ្តាប់ធ្នាប់ល្អ ដើម្បីការពារភូមិមានសុវត្ថិភាពល្អ។
លោកចៅសង្កាត់ប៉ោយប៉ែត និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត បានផ្តាំផ្ញើដល់ប្រជាការពារភូមិទាំង៦ភូមិ ក្នុងសង្កាត់ប៉ោយប៉ែត ត្រូវសហការគ្នាល្អជាមួយកម្លាំងប៉ុស្តិ៍នគរបាលប៉ោយប៉ែត ត្រូវចូលរួម និងរាយការណ៍ជូនសមត្ថកិច្ចជំនាញ ត្រូវលុបបំបាត់បទល្មើសក្មេងទំនើងក្រុមបងតូចបងធំ និងល្បែងស៊ីសង បទល្មើសគ្រឿងញៀន មិនត្រូវឲ្យកើតមានក្នុងមូលដ្ឋាន ដើម្បីឲ្យភូមិឃុំសង្កាត់មានសុវត្ថិភាព គ្មានបទល្មើសកើតឡើងផងដែរ៕