(រតនគិរី)៖ ភាពមិនប្រក្រតីករណីកឹបកេងលុយ បេសសកម្មរបស់មន្រ្តីម្នាក់ នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តរតនគិរី ជាង២លានរៀល ត្រូវបានដោះស្រាយបញ្ចប់ហើយ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦នេះ។
លោក វ៉ាន់ សុខន មន្រ្តីបម្រើការងារនៅមន្ទីរសេដ្ឋកិច្ច ខេត្តរតនគិរី បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃនេះថា «រឿងនេះ ត្រូវបានដោះស្រាយបញ្ចប់ហើយ បន្ទាប់ពីមានការណែនាំរបស់ថ្នាក់ដឹកនាំ ហើយបញ្ហាទៀតសោត គឺមានការយល់ច្រឡំគ្នាបន្តិចបន្តួច ទៅលើ លោក ប៉ែន ហេង ដែលអនុប្រធានមន្ទីរផងដែរ»។
លោក វ៉ាន់ សុខន បានបញ្ជាក់ទៀតថា សម្រាប់លុយបេសសកម្មរបស់លោក អាចនឹងទទួលបានមកវិញនាពេលឆាប់ៗខាងមុខនេះ ផងដែរ ហើយសម្រាប់លោកផ្ទាល់ទទួលយក នូវដំណោះស្រាយនេះ ព្រមទាំងចូលបម្រើការងារ ស្តាប់ការណែនាំរបស់ថ្នាក់លើ យ៉ាងម៉ឺងម៉ាត់។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ លោក វ៉ាន់ សុខន មន្រ្តីបម្រើការងារនៅមន្ទីរមួយនេះ បានថ្លែងប្រាប់អង្គភាព Fresh News លុយបេសកកម្មរបស់លោកប្រមាណ២លាន គឺលុយបេសកកម្មនៅខែមករា និងខែមីនា ឆ្នាំ២០១៦ ដែលជាបេសកកម្ម មកភ្នំពេញនោះ នៅមិនទាន់បើកបាននៅឡើយទេ រហូតមកដល់ពេលនេះ ប៉ុន្តែសម្រាប់អនុប្រធានមន្ទីរវិញ គឺលោក ប៉ែន ហេង និងលោក ឡុង ច័ន្ទអភិរក្ស មន្រ្តីក្រុមការជាអ្នករៀបចំទូទាត់បេសកកម្ម បែរជាទៅលួចបើកស្ងាត់ៗទៅវិញសម្រាប់ថ្លៃបេសកកម្ម នៅខែមីនា ខែមេសា និងខែឧសភា៕