(កំពង់ឆ្នាំង)៖ នាយក នាយិកា នៃគ្រឹះស្ថានសិក្សាសាធារណៈជិត ៥០០នាក់ កាលពីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមសំណេះសំណាលក្រោមអធិបតីភាពលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង។

ជាកិច្ចចាប់ផ្ដើមក្នុងពិធីខាងលើនេះ អភិបាលខេត្ត បានផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជូនលោកគ្រូអ្នកគ្រូ និងនាយក នាយិកា ដោយក្តីនឹករលឹកពីលោកយ៉ាងជ្រៀលជ្រៅ។

នៅក្នុងពិធីសំណេះសំណាល លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតដល់លោកគ្រូអ្នកគ្រូ នាយក នាយិកាគ្រឹះស្ថានសិក្សាសាធារណៈទាំងអស់នៅទូទាំងខេត្ត ដែលលោកបានខិតខំប្រឹងប្រែងយកចិ ត្តទុកដាក់ក្នុងការបង្ហាត់បង្រៀនដល់សិស្សានុសិស្ស តាំងពីថ្នាក់មតេយ្យ រហូតដល់ថ្នាក់ឧត្តមសិក្សា គឺមានតែលោកគ្រូ អ្នកគ្រូនេះហើយ ដែលជាអាណាព្យាបាលទី២ ព្រោះលោកគ្រូ អ្នកគ្រូបានបង្ហាត់បង្រៀន និងណែនាំសិស្សឲ្យប្រព្រឹត្តនៅអំពើល្អ តាំងពីការហ្វឹកហាត់កាយ ហ្វឹកហាត់វាចារ និងហ្វឹកហាត់ចិត្ត ដើម្បីឲ្យសិស្សចេះប្រព្រឹត្តនូវអំពើ ល្អតាមផ្លូវកាយ ផ្លូវវាចារ និងផ្លូវចិត្ត លោកគ្រូ អ្នកគ្រូតែងបានរិះគិតស្វែងរកនូវចំណុចពិសេសៗ សម្រាប់បង្រៀនដល់សិស្ស មានន័យថា បានរិះរកនូវវិធីសាស្ត្រនៃការផ្ទេរចំណេះដឹងដល់សិស្ស និងឲ្យសិស្សទទួលបាននូវចំណេះដឹងល្អៗតាមរយៈការផ្ទេរនូវចំណេះដឹងឥតលាក់លៀមរបស់លោកគ្រូអ្នកគ្រូនេះហើយ។

ទឹកចិត្តរបស់លោកគ្រូអ្នកគ្រូតែងតែចង់ឲ្យសិស្សទទួលបាននូវចំណេះដឹងល្អៗ ហើយគ្រូក៏តែងស្វែងរកនូវចំណុចពិសេសៗ ដើម្បីយកមកបង្រៀនដល់សិស្ស និងតែងតែមានទឹកចិត្តផ្ដល់ចំណេះដឹងដោយមិនមានការលាក់លៀម និងមិនមានការខ្លាចក្រែងសិស្សចេះជាងគ្រូនោះឡើយ។

ហេតុនេះគ្រូតែងបើកចិត្តទូលាយក្នុងការផ្ទេរចំណេះដឹងល្អៗ ដល់សិស្សដោយមានការលើកទឹកចិត្ត និងមានការសរសើរដល់សិស្សតាមរយៈការផ្ដល់ពិន្ទុដោយសុក្រឹតដើម្បីជាការលើកទឹកចិត្ត ឲ្យសិស្សខិតខំក្នុងការរៀន សូត្រដើម្បីក្រេបយកចំណេះវិជ្ជាល្អៗ ពីលោកគ្រូអ្នកគ្រូ។ លោកអភិបាលខេត្ត ថ្លែងបែបនេះក៏ដោយសារតែលោកអភិបាល ធ្លាប់ឆ្លងកាត់ធ្វើជាគ្រូបង្រៀនថ្នាក់មហាវិទ្យាល័យកន្លងមកផងដែរ។

បន្ទាប់ពីលោកអភិបាលខេត្ត បានសំណេះសំណាលផ្នែកសិក្សាជាមួយលោកគ្រូអ្នកគ្រូ ជានាយកនាយិការួចមក លោកបានមានប្រសាសន៍អំពីសក្តានុពលរបស់ខេត្តកំពង់ឆ្នាំង ដែលជាខេត្តមួយមានសក្តសនុពលល្អប្រៀបបាន ជាត្បូងពេជ្រ ដែលមិនទាន់កែច្នៃ។ ជាក់ស្ដែង នៅក្នុងស្រុកកំពង់លែងបច្ចុប្បន្ន រាជរដ្ឋាភិបាលបានបង្កើតឲ្យមានកំពុងផែពហុបំណងជាតិ និងអន្តរជាតិដែលអាចដឹកទំ និញចេញពីកម្ពុជាទៅលក់នៅក្រៅប្រទេស ដូចជាប្រទេសចិន ឬសហរដ្ឋអាមេរិកបានដោយផ្ទាល់ ដោយមិនចាំបាច់ឆ្លងកាត់ប្រទេសសាំងហ្គាពួរ និងម៉ាឡេស៊ីដូចពីមុនឡើយ។

នៅពេលខាងមុខនេះតំបន់សេដ្ឋកិច្ចពិសេសក្នុងស្រុកកំពង់លែង ជាប់កំពង់ផែពហុបំណងនេះអាចនឹងផ្ដល់ការងារជូនប្រជាពលរដ្ឋពី១ម៉ឺន ទៅ១ម៉ឺនប្រាំពាន់នាក់ឲ្យមានការងារធ្វើទៀតផង។ កាន់តែពិសេសជាងនេះទៅទៀតនោះ ខេត្តកំពង់ឆ្នាំង នឹងទទួលបានស្ពានឆ្លងទន្លេសាប ពីក្រុងកំពង់ឆ្នាំងទៅកាន់ស្រុកកំពង់លែង និងមានផ្លូវបេតុងដ៏ល្អតភ្ជាប់ពីស្រុកកំពង់លែងទៅកាន់ខេត្តកំពង់ធំ ដែលនឹងចាប់ផ្ដើមកសាងនៅឆ្នាំក្រោយនេះផងដែរ។

ហេតុនេះនៅពេលអនាគតដ៏ខ្លីខាងមុខនេះខេត្តកំពង់ឆ្នាំង នឹងក្លាយទៅជាខេត្ត ដែលមានសក្តានុពលយ៉ាងសំខាន់ក្នុងវិស័យសេដ្ឋកិច្ច និងវិស័យទេសចរណ៍ ដែលធ្វើឲ្យពល រដ្ឋក្នុងខេត្តកំពង់ឆ្នាំងមានការងារធ្វើ និងមានមុខរបដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារដោយមិនចាំបាច់ចំណាកស្រុកនោះឡើយ។

ក្នុងឱកាសនេះ លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់លោកនាយក នាយិកាគ្រឹះស្ថានសិក្សាសាធារណៈទាំងអ ស់ សូមណែនាំសិស្សានុសិស្សដែលមានឈ្មោះបោះឆ្នោតសូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាដើម្បីជ្រើសរើ សថ្នាក់ដឹកនាំល្អសម្រាប់បម្រើប្រជាពលរដ្ឋ កសាងប្រទេសជាតិឲ្យមានសុខសន្តិភាព និងមានការរីកចម្រើនលើគ្រប់វិស័យដូចបច្ចុប្បន្ននិងបន្តទៅថ្ងៃអនាគតដើម្បីយើងទាំងអស់គ្នា និងកូនចៅរបស់យើងទៅថ្ងៃអនាគត។

សូមបញ្ជាក់ថា បើតាមការអានរបាយការណ៍របស់លោក សឹម ប្រឹម ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង បានអីដឹងថា គ្រឹះស្ថានសិក្សាសាធារណៈ នៅក្នុងខេត្តកំពង់ឆ្នាំង សរុបមានចំនួន៧៥៨កន្លែង លោកគ្រូបង្រៀនសរុបមានចំនួន៤.៦៩៨នាក់ សិស្សានុសិស្សសរុបមានចំនួន ១៣៦.៦៥៨នាក់។ ក្នុងនោះមានសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យរបស់សម្ដេចតេជោ ហ៊ុន សែ ន នៅក្នុងខេត្តកំពង់ឆ្នាំង សរុបមានចំនួន១៧៦ខ្នង ស្មើនឹង ១.១៣៨បន្ទប់៕