(កណ្ដាល)៖ សមាជិក សមាជិកាថ្មីរបស់គណបក្សប្រជាជនកម្ពុជា ចំនួន១,៤៦១នាក់ នៅទូទាំងស្រុកពាមជរ ខេត្តព្រៃវែង ត្រូវបានប្រកាសបញ្ចូលជាផ្លូវការនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោក ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណប្រជាជនកម្ពុជាខេត្តព្រៃវែង, លោក យូ សិរីវុឌ្ឍ និងលោក ភឺន ផល្លា។ ព្រមទាំងមានការចូលរួមពី លោក គង់ លីវ៉ា ជំនួយការសម្ដេចតេជោ ហ៊ុន សែន។
ថ្លែងក្នុងឱកាសនោះ លោក យូ សិរីវុឌ្ឍ បានប្រកាសស្វាគមន៍យ៉ាងកក់ក្តៅចំពោះការសម្រេចចិត្តចូលជាសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា។ លោក យូ សិរីវុឌ្ឍ បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មានបេះដូងយ៉ាងទូលំទូលាយ ហើយតែងតែទទួលស្វាគមន៍រាល់សមាជិកមកពីបក្សដទៃមករួមរស់ជាមួយបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាជាកម្លាំង ដើម្បីបម្រើជាតិ និងប្រជាជន។ ជាពិសេសកសាងសង្គមមួយឲ្យរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍ។
ជាមួយនឹងការស្វាគមន៍ប្រកបដោយភាពកក់ក្តៅនោះ លោក យូ សិរីវុឌ្ឍ បានណែនាំឲ្យ សមាជិកបក្សថ្មីទាំងនោះ ឲ្យចុះធ្វើសកម្មភាពពន្យល់ណែនាំប្រជាពលរដ្ឋពីគុណតម្លៃរបស់គណបក្សប្រជាជនកម្ពុជា ចំពោះជាតិមាតុភូមិ។ ជាពិសេសនយោបាយដឹកនាំ របស់សម្តេចតេជោ ដែលនាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងនាំភាពរីកចម្រើនដូចពេលបច្ចុប្បន្ន។
បន្ថែមពីលើត្រូវចុះណែនាំប្រជាពលរដ្ឋឲ្យទៅចូលរួមបោះឆ្នោត ឲ្យបានគ្រប់គ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ បោះឆ្នោតជូនបក្សប្រជាជនកម្ពុជា ដើម្បីធានាបានថា កម្ពុជាបន្តរស់ក្នុងសុខសន្តិភាព ឈានឆ្ពោះទៅជាប្រទេសរីកចម្រើន។
សមាជិក សមាជិកាដែលទើបប្រកាសបញ្ចូលជាផ្លូវការនៅពេលនេះ បានសន្យាស្ម័គ្រស្មោះ ហើយប្រឹងប្រែងធ្វើសកម្មភាពជាមួយបក្សប្រជាជនកម្ពុជា ដើម្បីដណ្តើមបាននូវប្រជាប្រិយភាព និងប្រៀបឈ្នះក្នុងព្រឹត្តិការណ៍បោះឆ្នោតនាពេលខាងមុខ។ ពួកគេបានបង្ហាញការពេញចិត្តចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ហើយប្តេជ្ញាចិត្តគាំទ្រមុតមាំចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន៕