(កំពង់ធំ)៖ លោក ឃឹង នុភាព សមាជិករដ្ឋសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទសំបូរ បានអញ្ជើញចុះសួរសុខទុក្ខ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ប្រមាណ៨០០នាក់ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។
លោក ឃឹង នុភាព បានថ្លែងអំណរគុណអាជ្ញាធរដែនដី ដែលបានខិតខំប្រឹងប្រែងបម្រើការងារដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួនបានល្អប្រសើរ ជាពិសេសការបម្រើសេវាសាធារណៈសេវាតម្រូវការដែលបងប្អូន ប្រជាពលរដ្ឋ មានការខ្វះខាតហើយប្រធានក្រុមបក្សមូលដ្ឋានត្រូវក្តាប់ឲ្យបាននូវស្ថិតិរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកចំណាកស្រុកឲ្យបានច្បាស់លាស់ដើម្បីងាយស្រួល ក្នុងការគ្រប់គ្រងជាពិសេសសមាជិកភូមិសាខាភូមិ។
លោកជំរុញឲ្យសមាជិក សមាជិកាត្រូវប្រមូលកៀរគរសមាជិកដទៃទៀត ឲ្យមកចូលរួមរស់ជាមួយគណបក្សរបស់យើងដើម្បីចូលរួមថែរក្សាសន្តិភាព ស្ថិរភាពដោយមិនរើសអើងមិនប្រកាន់និន្នាការនយោបាយ ជាពិសេសត្រូវ ទទួលស្វាគមន៍ក្រោមម្លប់ក្នុងដំបូលតែមួយ។
លោកបានលើកឡើងពីគុណតម្លៃរបស់សម្ដេចតេជោ ហ៊ុន សែន មិនដែលរត់ចោលបងប្អូនប្រជាពលរដ្ឋក្នុងមួយវិនាទីណាឡើយជាពិសេស គឺសម័យកូវីដ១៩ គឺបានខិតខំប្រឹងប្រែងរកវ៉ាក់សាំងមកចាក់ជូនបងប្អូន ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា។
លោកបន្តថា ចំពោះគោលនយោបាយយុទ្ធសាស្ត្ររបស់គណបក្ស ត្រូវក្តាប់ឱ្យបានច្បាស់ថាគណបក្សប្រជាជនកម្ពុជា ជាគណបក្សមួយដែលមានបទពិសោធន៍គ្រប់គ្រាន់ ក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គឺការបោះឆ្នោត៥ឆ្នាំម្តង ប្រកបដោយភាពជោគជ័យ និងសូមឱ្យបន្តពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានកាន់តែរឹងមាំ។
លោកជំរុញសមាជិកក្រុមការងារទាំងអស់ ត្រូវតែផ្សព្វផ្សាយឲ្យបានទូលំទូលាយនៅសមិទ្ធផលនានារបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងផ្សព្វផ្សាយអំពីតម្លៃនៃសុខសន្តិភាព ហើយមានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ដែលបានការពារសន្តិភាព និងធ្វើឲ្យប្រជាជនរស់នៅក្រោមដំបូលសន្តិភាពប្រកបដោយសុខដុមរមនា។
អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបន្តថែរក្សាពង្រឹងសន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមឲ្យបានល្អប្រសើរក្នុងការចូលរួមអនុវត្តគោលនយោបាយ ភូមិឃុំឲ្យមានសុវត្ថិភាព និងមានការចូលរួមពីប្រជាពលរដ្ឋនៅមូលដ្ឋាន ទប់ស្កាត់នូវការប្រើប្រាស់ និងជួញដូរគ្រឿងញៀននិងចូលរួមអនុវត្តនិងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
ជាចុងក្រោយលោក ឃឹង នុភាព ជំរុញដល់ក្រុមការងារទាំងអស់ សូមឲ្យផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងបោះជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ ឲ្យបានគ្រប់ៗគ្នា ពិសេសគាំទ្រសម្ដេចតេជោ ហ៊ុន សែន៕