(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងាររដ្ឋាភិបាលចុះជួយខេត្តកំពង់ចាម បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកសមាជិកាបក្សប្រជាជនកម្ពុជា ចំនួនជាង៧,០០០នាក់ មកពីបាណ្តាឃុំនានាក្នុងស្រុកកងមាស ខេត្តកំពង់ចាម។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងថា «ការជួបជុំនាពេលនេះ ក្នុងគោលបំណងចង់ឱ្យថ្នាក់ដឹកនាំបក្សប្រជាជនគ្រប់ថ្នាក់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិប្រធាន-អនុប្រធានក្រុម បានជ្រួតជ្រាបឱ្យបានច្បាស់ នៃការកំណត់គោលនយោបាយរបស់បក្ស និងផែនការសកម្មភាពរបស់គណបក្សប្រជាជនខេត្តកំពង់ចាម ដែលដំណើរកាបានរជោគជ័យ និងបន្តដំណើរការជោគជ័យនេះទៅមុខទៀត»។
លោក យឹម ឆៃលី បានបន្តថា ប្រធាន អនុប្រធាន ក្រុមបក្សទូទាំងស្រុកកងមាស ចំពោះគោលនយោបាយយុទ្ធសាស្ត្ររបស់គណបក្ស ត្រូវក្តាប់ឱ្យបានច្បាស់ថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សមួយ ដែលមានបទពិសោធន៍ គ្រប់គ្រាន់ ក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា គឺការបោះឆ្នោត ៥ឆ្នាំម្តង ប្រកបដោយភាពជោគជ័យ និងសូមឱ្យថ្នាក់ដឹកនាំខេត្ត បន្តពង្រឹងការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានកាន់តែរឹងមាំ ដោយចាត់គ្រប់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីទប់ស្កាត់ឧបាយកលដែលប៉ុនប៉ង ធ្វើឱ្យរាំងស្ទះដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ និងដំណើរការបោះឆ្នោតនៅកម្ពុជា។
លោក យឹម ឆៃលី ថ្លែងបន្តថា «ប្រជាជនកម្ពុជាបានជឿជាក់យ៉ាងមោះមុត លើការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានបញ្ចប់សង្រ្គាមនៅកម្ពុជា តាមនយោបាយឈ្នះឈ្នះ នាំប្រទេសជាតិឱ្យចេញផុតពីស្រមោល នៃអតីតកាលដ៏ខ្មៅងងឹត និងឈឺចាប់បំផុត មកកាន់សម័យដ៏ភ្លឺថ្លា ដែលពោរពេញដោយក្តីសង្ឃឹម និងបានអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរហូតបច្ចុប្បន្ន ពោលគឺសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី គឺជាមហារដ្ឋបុរសមួយរូប ដែលមានឆន្ទៈមោះមុត និងទឹកចិត្តស្នេហាជាតិពិតប្រាកដ ដើម្បីដឹកនាំ និងកសាងប្រទេសជាតិឲ្យកាន់តែរីកចម្រើនថែមទៀត»៕