(កំពង់ឆ្នាំង)៖ លោកបណ្ឌិត សឹង សំណាង សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកកំពង់លែង និងលោក ស៊ុន សុវណ្ណារិទ្ធ ប្រធានគណបក្សខេត្តកំពង់ឆ្នាំង បានចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល និងបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ដែលប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់លែង នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣។

ពិធីនេះមានការចូលរួមពីសមាជិកក្រុមការងារចុះជួយស្រុក ប្រធាន-អនុប្រធានក្រុមការងារចុះជួយឃុំ ដែលមានសមាសភាពចូលរួមសរុបចំនួន៨៦៤នាក់ ជាសមាជិក សមាជិកាជាយុវជន ដែលបានប្រកាសបញ្ចូលជាសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា អញ្ជើញមកពីមាន៤ឃុំ ក្នុងនោះឃុំដារ ស្វាយរំពារ ផ្លូវទូក ប្រឡាយមាស និងសិស្សវិទ្យាល័យ ហ៊ុន សែន កំពង់លែង។

បន្ទាប់ពីបានក្តាប់របាយការណ៍នានា និងចំណាប់អារម្មណ៍របស់សមាជិក សមាជិកាថ្មីរួចមក លោក ស៊ុន សុវណ្ណារិទ្ធ ប្រធានគណបក្សខេត្តកំពង់ឆ្នាំង បានចូលរួមអបអរសាទជូនចំពោះសមាជិក សមាជិការថ្មីគណបក្សប្រជាជនកម្ពុជា ហើយលោកបានរំលឹកដល់ប្រជាពលរដ្ឋត្រូវមានជំនឿជឿជាក់លើគោលនយោបាយប្រើប្រាស់ដីធ្លី នៅជុំវិញតំបន់ទន្លេសាប របស់រាជរដ្ឋាភិបាលកម្ពុជា ហើយឥឡូវនេះការដោះស្រាយដីធ្លីជូនពលរដ្ឋមានដំណើរវិវឌ្ឍន៍ទៅមុខឥតឈប់ឈរ សំខាន់ជាងនេះ សូមកុំជឿលើការឃោសនាអកុសលរបស់ពួកអគតិដែលតែងភូតកុហកញុះញង់សព្វបែបយ៉ាង មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងឱកាសនោះ លោកបណ្ឌិត សឹង សំណាង បានរំលឹក និងជម្រាបជូនសមាជិក សមាជិកា ជាយុវជនដែលជាសមាជិកបក្សថ្មី អំពីប្រវត្តិរបស់គណបក្សប្រជាជនកម្ពុជា ដែលបានចាប់បដិសន្ធិឡើងតាំងពីឆ្នាំ១៩៥១ ដែលមានអាយុកាល៧២ឆ្នាំ គិតមកដល់ឆ្នាំ២០២៣នេះ។

លោកបណ្ឌិតបានប្រៀបធៀបពីស្ថានភាពសេដ្ឋកិច្ច បាននិងកំពុងវិវឌ្ឍន៍ដោយរលូនដោយសារតែប្រទេសមានសន្តិភាព ដែលជាការប្ដូរសាច់ឈាមរបស់សម្តេចតេជោ ជាមគ្គុទ្ទេសក៍ឯកនាំមកនូវការប្ង្រួបបង្រួមជាតិពេញលេញ ដឹកនាំប្រទេសមានការអភិវឌ្ឍលេចមុខខ្ពស់ត្រដែតលើឆាកជាតិ និងអន្តរជាតិ។ បច្ចុប្បន្ននេះពិភពលោក បាននិងកំពុងមានចំណាប់អារម្មណ៍មកលើការដឹកនាំប្រយុទ្ធប្រឆាំង នឹងគោលនយោបាយស្រោចវ៉ាក់សាំងនៅកម្ពុជា ប្រការនេះបានធ្វើឲ្យប្រទេសយើងអាចរួចរស់ផុតពីការរាតត្បាតពីជំងឺកូវីដ១៩ ដ៏សាហាវនេះ។

កម្ពុជាមិនត្រឹមតែជួយជីវិតប្រជាជនខ្លួនឯងប៉ុណ្ណោះទេ សម្តេចតេជោ ហ៊ុន សែន បានចែករំលែកវ៉ាក់សាំងទៅផ្តល់ជូនបណ្តាប្រទេសមួយចំនួន ក្នុងតំបន់ថែមទៀតផង។ ភាពជោគជ័យបានមកពីកត្តាសាមគ្គីភាពរឹងមាំ ហេតុនេះហើយពួកអគតិតែងប្រើប្រាស់ ការឃាសនាញុះញង់ក្នុងគណបក្សប្រជាជនកម្ពុជា ប៉ុន្តែអ្វីដែលជាការឆ្លើយតបទៅពួកវាឲ្យទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរនោះ គឺការមិនជឿការមិនដើរតាមការញុះញង់ និងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។

ក្នុងឱកាសនោះ លោកបណ្ឌិត សឹង សំណាង បានឧបត្ថម្ភថវិកាមួយចំនួនជូនដល់សមាជិក សមាជិកាបក្សថ្មីទាំងអស់ និងក្រុមការងារបក្សស្រុកផងដែរ៕