(ភ្នំពេញ)៖ រយៈពេល៥ខែ ដើមឆ្នាំ២០២៣នេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង២លាននាក់ កើនឡើងជាង៣០០% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២។ នេះបើតាមការបញ្ជាក់របស់លោក ស៊ិន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិកា និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ។
លោកបានគូសបញ្ជាក់ថា ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៣ ចំនួនអ្នកដំណើរតាមផ្លូវអាកាសមានចំនួនជាង២លាននាក់ (២,១០៩,៦១២) កើនឡើង ៣៣៨% បើធៀបទៅនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២ ស្របពេលដែលជើងហោះហើរក្នុងរយៈពេល៥ខែនេះ មានចំនួន២០ ៧៣៩ កើនឡើង១៦៦% បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។
ចំណែកចំនួនទំនិញដែលបានដឹកជញ្ជូនតាមផ្លូវអាកាសមានចំនួនជាង១៩ ពាន់តោន ថយចុះប្រមាណ២២,៥៨% បើធៀបទៅនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២។
លោកបានឱ្យដឹងផងដែរថា «គិតមកដល់បំណាច់ខែ៥ ឆ្នាំ២០២៣នេះ ចំនួនជើងហោះហើរសរុប ក្នុង១សប្តាហ៍ នៅអាកាសយានដ្ឋានអន្តរជាតិទាំង៣ មានចំនួន៤២២ជើងក្នុងមួយសប្តាហ៍ ក្នុងនោះ៖ ភ្នំពេញទទួលបាន ជើងហោះហើរចំនួន ៣១៧ ជើង/សប្តាហ៍ សៀមរាបទទួលបាន ជើងហោះហើរចំនួន ៩៨ ជើង/សប្តាហ៍ និងខេត្តព្រះសីហនុទទួលបាន ជើងហោះហើរចំនួន ១១ ជើង/សប្តាហ៍»។
គិតមកដល់បំណាច់ខែ៥ ឆ្នាំ២០២៣ នេះមានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចំនួន២៦ក្រុមហ៊ុន បានតភ្ជាប់ជើងហោះហើរឡើងវិញគឺស្មើនឹងជាង ៥០% នៃឆ្នាំ២០១៩ ដែលកំពុងហោះហើរចេញ-ចូល កម្ពុជា ដែលនៅឆ្នាំ២០១៩ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន៤៣ ក្រុមហ៊ុន ដែលធ្លាប់បានធ្វើការហោះហើរ។ ហើយផ្លូវហោះហើរដែលនាំមុខគេ នោះគឺ ផ្លូវហោះហើររវាង ភ្នំពេញ-បាងកក-ភ្នំពេញ និងភ្នំពេញ-សិង្ហបុរី-ភ្នំពេញ និងភ្នំពេញ-កូឡាឡាំពួរ-ភ្នំពេញ។ អាកាសចរណ៍ស៊ីវិលរពឹងទុកថា ក្នុងពេលឆាប់ៗ នេះនឹងមានការកើនឡើងផ្លូវហោះហើរ រវាង កម្ពុជា-ចិន បន្ថែមទៀតនាពេលខាងមុខផងដែរ៕