(ព្រៃវែង)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងជាប្រធានក្រុមការងារគណបក្សថ្នាក់ជាតិចុះមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែងបានថ្លែងថាជនណាដែលមិនបានបំពេញកាតព្វកិច្ចជាពលរដ្ឋល្អដោយមិនទៅបោះឆ្នោតនឹងមានចេតនាបំផុសបំផុលហាមមិនឱ្យគេបោះឆ្នោត និងបបួលគ្នីគ្នាមិនទៅបោះឆ្នោតនឹងត្រូវប្រឈមមុខជាមួយផ្លូវច្បាប់នេះបើតាមច្បាប់ថ្មីដែលបានចែងឡើងនៅមុនពេលបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ចូលមកដល់នាពេលខាងមុខនេះ។
ការលើកឡើងបែបនេះក្នុងឱកាសដែលប្រធាន និងលោកស្រី អញ្ជើញជួបសំណេះសំណាលជាមួយមេក្រុមបក្ស និងសមាជិកបក្សថ្មីសរុបចំនួន១៥០២នាក់ ក្នុងនោះសមាជិកថ្មីចំនួន ៦៧៨នាក់ ស្រី ៣០៥នាក់ស្ថិតនៅស្នាក់ការ គណបក្សប្រជាជនឃុំជាច ស្រុកកំចាយមារខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣។
លោក វង សូត បានលើកឡើងបន្តថាពាក់ព័ន្ធនឹងច្បាប់ថ្មីគឺបុគ្គលណាមិនបានទៅបោះឆ្នោតសកលចំនួនពីរលើកចុងក្រោយនេះ នឹងមិនអាចឈរឈ្មោះឱ្យគេបោះឆ្នោតបាននោះទេ ហើយជនណាដែលបង្កការអុកឡុក និងរារាំងបំផុសបំផុលមិនឱ្យគេទៅបោះឆ្នោតនឹងត្រូពិន័យជាប្រាក់ចាប់ពី៥ លាន ឬ ១០ លាន ២០លានរៀលឡើងទៅ។
លោក វង សូត បានថ្លែងបន្តថាគណបក្សប្រជាជនកម្ពុជានឹងអបអរក៏ដូចជាទទួលយកជានិច្ចចំពោះបក្សដទៃទៀតក្នុងការ ចូលរួមចំណែកគាំទ្រគណបក្សប្រជាជន ហើយគណបក្សប្រជាជននឹងទទួលយកដោយក្តីរីករាយ។ជាក់ស្តែងបក្សភ្លើងទៀន និងបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមិនមានឈ្មោះក្នុងសន្លឹកឆ្នោតសម្រាប់បោះឆ្នោតនោះទេ។
រដ្ឋមន្រ្តី បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងជាប្រធានគណបក្សប្រជាជនកម្ពុជាដែលសម្តេចតេជោ តែងតែគិតគូរជានិច្ចដល់សុខមាលភាពប្រជាពលរដ្ឋទាំងអស់ដោយមិនប្រកាន់ខឹងនឹងបក្សដទៃឡើយនឹងប្រកាសទទួលជានិច្ចបើស្ម័គ្រចិត្តចូលរួមរស់ជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជា។
ឆ្លៀតឱកាសនោះ រដ្ឋមន្ដ្រី ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋយើងទាំងអស់សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រសម្តេចតេជោ ធ្វើនាយករដ្ឋមន្ដ្រីនៅ អាណត្តិបន្តបន្ទាប់ទៀត។ ពោលគឺ< បោះឆ្នោតជូនសម្តេចតេជោគឺបន្តដឹកនាំនាវាកម្ពុជាឈានឆ្ពោះទៅរកការអភិវឌ្ឍរីកចម្រើនថែមទៀត ពិសេសដើម្បីឱ្យសម្តេចតេជោ ប្រធានគណបក្សប្រជាជនបន្តរក្សាការពារ សុខសន្តិភាពឱ្យនៅស្ថិតស្ថេរគង់វង្សយូរអង្វែងតទៅ៕