(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ បានព្យាករណ៍ថា ដរាបណាសង្គ្រាមនៅអ៊ុយក្រែន មិនបញ្ចប់ទេ វិបត្តិសេដ្ឋកិច្ចមិនអាចល្អប្រសើរនោះឡើយ។
ការព្យាករណ៍បែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ ១៩,០០៤នាក់ មកពីរោងចក្រសហគ្រាសចំនួន១៣ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «នៅលើពិភពលោក ខ្ញុំយកការទស្សន៍ទាយមួយ ដរាបណា សង្គ្រាមរុស្សី-អ៊ុយក្រែន មិនទាន់បានបញ្ចប់ សេដ្ឋកិច្ចពិភពលោក នៅតែប្រឈមនឹងការលំបាក»។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ឥលូវមិនថា ប្រទេសកម្ពុជា រងផលប៉ះពាល់ទេ អ្នកដែលរងផលប៉ះពាល់ពិតប្រាកដ គឺប្រជាជននៅអ៉ីរ៉ុប។ ឯប្រជាជននៅអ៉ឺរ៉ុបប៉ះពាល់ គឺពាក់ព័ន្ធដល់កម្ពុជាផងដែរ។ សម្ដេចបន្ដថា ហេតុអ្វីបានជាពាក់ព័ន្ធជាមួយកម្ពុជា គឺប្រព័ន្ធទីផ្សារនៅលើពិភពលោក គឺពាក់ព័ន្ធគ្នា។
បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ថា ពាក់ព័ន្ធជាមួយកម្ពុជា ទាក់ទងជាមួយនឹងការបញ្ជាទិញ ដូចជា៖ តម្រូវការរបស់មនុស្សម្នាក់គេទិញអាវ៤កំប្លេ ក្នុងមួយឆ្នាំ ប៉ុន្ដែនៅពេលប្រាក់ចំណូលធ្លាក់ចុះ គឺការបញ្ជាទិញនោះ កាត់បន្ថយមកទិញអាវត្រឹម១កំប្លេ ឬ២កំប្លេ ដូច្នេះការបញ្ជាទិញ ពីប្រទេសផ្គត់ផ្គង់ ក៏តាមនឹងផងដែរ។
សម្ដេចតេជោ បានឲ្យដឹងថា រាជរដ្ឋភិបាល បានខិតខំប្រឹងប្រែង មិនត្រឹមតែរកទីផ្សារអាមេរិក និងអ៉ឺរ៉ុបនោះទេ កម្ពុជាត្រូវបើកទីផ្សារ ផ្សេងៗទៀត ដូចជាទីផ្សារ៖ ជាមួយចិន, កូរ៉េខាងត្បូង, ជប៉ុន, អារ៉ាប់ និងជាមួយទីផ្សារទាំងអស់ ដែលកម្ពុជាត្រូវបើក ដើម្បីធានាថា ទំនិញដែលផលិតនៅកម្ពុជា ទាំងក្នុងវិស័យកាត់ដេរ-ស្បែកជើង និងវិស័យដទៃទៀត ទាក់ទងជាមួយនឹងការផលិតនៅកម្ពុជា។
លើសពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានប្រឹងណាស់ ជាមួយនឹងការធ្វើម្ដេច ឲ្យបៀរវត្សរបស់កម្មករឡើង។ បន្ថែមលើនោះ ទប់កុំឲ្យតម្លើងថ្លៃផ្ទះជួល និងការផ្គត់ផ្គង់ទឹក ផ្គត់ផ្គង់ភ្លើង ដោយមានតម្លៃដែលកំណត់ កុំឲ្យម្ចាស់ផ្ទះតម្លើងតាមចិត្ដ ឬការឆ្លៀតគេងចំណេញណាមួយ។
សម្ដេចតេជោបន្ដថា បន្ថែមពីលើនោះទៀត រាជរដ្ឋាភិបាល បានប្រឹងទប់ស្កាត់តម្លៃទំនិញ កុំឲ្យឡើងថ្លៃ។ សម្ដេចថា ការទប់ស្កាត់ទំនិញមិនឲ្យឡើងថ្លៃ គឺជាការបង្កើតកម្លាំងទិញ សម្រាប់ប្រជាជនទូទៅ ក្នុងនោះ ក៏មានកម្មករ-កម្មការិនីផងដែរ ដូចជាអ្វីដែលប្រើប្រាស់ប្រចាំថ្ងៃ ទាក់ទិនជាមួយនឹងស្បៀងអាហារ៕