(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ បានទម្លាយឲ្យដឹងថា អវត្តមានសម្ដេចជាសាធារណៈប៉ុន្មានថ្ងៃមកនេះ ដោយសារសម្ដេចជាប់បំពេញកាតព្វកិច្ចជាស្វាមី ដោយត្រូវកំដរសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីទៅពិនិត្យសុខភាព។

ក្នុងឱកាសបន្ដជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត២ម៉ឺននាក់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមកពីខេត្តកណ្ដាល និងរាជធានីភ្នំពេញ, សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា នៅពេលនេះស្ថានភាពសុខភាពរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មានភាពល្អប្រសើរឡើងវិញហើយ ដែលអាចឲ្យសម្ដេចបន្ដការងារបានជាធម្មតា។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ពូ (សម្ដេចតេជោ) មានធុរៈផ្ទាល់ខ្លួន ដោយសារមីង (សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត) មានបញ្ហាសុខភាពខ្លះ ប្រសិនបើប្រពន្ធមានបញ្ហាសុខភាពយ៉ាងដូច្នេះឲ្យប្ដីគិតតែធ្វើការមិនបានយកចិត្តទុកដាក់ ច្បាស់ណាស់កម្លាំងចិត្តរបស់គាត់នឹងត្រូវបាក់»។

សម្ដេចតេជោប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានរំលឹកថា គូស្វាមីភរិយារបស់សម្ដេច គឺពិតជាមានភាពកម្រត់កម្រខ្លាំងណាស់ ដោយសារក្នុងដំណាក់កាលសង្គ្រាម ហើយសម្ដេចត្រូវស្វែងរកការរំដោះជាតិ ដូច្នេះហើយអតីតកាលមិនដែលមានពេលវេលាមើលថែភរិយាបានគ្រប់គ្រាន់នោះទេ អញ្ចឹងពេលនេះសម្ដេចត្រូវតែឆ្លៀតមើលថែសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងនាមជាស្វាមីដ៏ល្អ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតប្រដៅមនុស្សមួយចំនួន ឲ្យយកគំរូតាមសម្ដេចដែលឆ្លៀតពេលមើលថែក្រុមគ្រួសារ ជាពិសេសភរិយាខ្លួនឯង ដែលកំពុងត្រូវការកម្លាំងចិត្តពេលពិនិត្យសុខភាព។

ទន្ទឹមគ្នានោះ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ក៏បានបញ្ជាទៅកាន់នាយឧត្តមសេនីយ៍ ឆៃ ស៉ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ត្រូវស្រាវជ្រាវជាបន្ទាន់ចំពោះបុគ្គលមួយចំនួន ដែលប្រើប្រាស់ពាក្យសម្ដីប្រមាថដល់អាយុជីវិតរបស់សម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នៅតាមបណ្ដាញសង្គម ប្រសិនបើរកឃើញនៅក្នុងប្រទេស ត្រូវចាត់វិធានការច្បាប់ ដើម្បីកុំឲ្យក្រុមនេះប្រព្រឹត្តអ្វីតាមអំពើចិត្ត ព្រោះការប្រមាថអាយុជីវិតនេះ មិនមែនជាសិទ្ធិនៃការបញ្ចេញមតិឡើយ៕

</p