(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ បានឲ្យដឹងថា កម្ពុជា និងកាណាដា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដែលកំពុងរីកចម្រើន។
លោក ជុំ សុន្ទរី រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលការចូលជួបជម្រាបលារបស់លោកស្រីបណ្ឌិត សារ៉ា ថេយ៍ឡ័រ ដែលបានបញ្ចប់បេសកកម្មការទូត ក្នុងឋានៈជាឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជាដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។
បើតាមក្រសួងការបរទេស នៅក្នុងជំនួបនោះ ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីបច្ចុប្បន្ន រួមទាំងកំណើនជាបន្តបន្ទាប់នៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ការកើនឡើងជាលំដាប់នៃភ្ញៀវទេសចរកាណាដា ដែលមកទស្សនាកម្ពុជា និងទំនាក់ទំនងកម្រិតខ្ពស់ជាវិជ្ជមានរវាងនាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ។ ប្រការនេះ បានបង្ហាញពីទំនាក់ទំនងដ៏រឹងមាំ និងយូរអង្វែងរវាងកម្ពុជា និងកាណាដា ដែលស្តែងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលទាំងពីរក្នុងការពង្រឹងទំនាក់ទំនងនេះបន្ថែមទៀត។ ភាគីទាំងពីរក៏បានបញ្ជាក់ពីបំណងក្នុងការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី ដើម្បីជាវេទិការស្វែងរកឱកាសបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ។
លោករដ្ឋលេខាធិការ ជុំ សុន្ទរី បានឆ្លៀតឱកាសនោះសរសើរឯកអគ្គរដ្ឋទូត Taylor ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីក្នុងអាណត្តិរបស់លោកស្រី។ លោក ជុំ សុន្ទរី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកាណាដាចំពោះការរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា និងចំពោះការសន្យាផ្តល់ជំនួយបន្ថែមដើម្បីគាំទ្រសកម្មភាពបោសសម្អាតមីន ដែលនឹងរួមចំណែកដល់គោលដៅរបស់កម្ពុជាដើម្បីក្លាយជាប្រទេសគ្មានមីននៅឆ្នាំ២០២៥។ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវេទិកាពហុភាគី និងបានផ្លាស់ប្តូរយោបល់លើការពង្រឹងទំនាក់ទំនងអាស៊ាន-កាណាដា។
លោករដ្ឋលេខាធិការបានរំលឹកឡើងវិញនូវការគាំទ្ររបស់កម្ពុជា ក្នុងការលើកកម្ពស់ទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-កាណាដា ទៅជាភាពជាដៃគូយុទ្ធសាស្ត្រ។ ភាគីទាំងពីរ ក៏បានកត់សម្គាល់ពីសារៈសំខាន់នៃកិច្ចចរចាដែលកំពុងបន្ត ដើម្បីបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-កាណាដា ដោយទទួលស្គាល់ពីអត្ថប្រយោជន៍ដែលអាចនឹងកើតមាននៅក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី និងសេដ្ឋកិច្ច រវាងតំបន់ទាំងមូល និងកាណាដា៕