(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ​បានថ្លែងថា សន្តិភាព គឺជាលក្ខខណ្ឌចាំបាច់ ដែលនាំឱ្យមានការវិនិយោគ ​និងបង្កើតការងារថ្មីៗបន្ថែម ដើម្បីធ្វើឱ្យប្រទេសកាន់តែមានអភិវឌ្ឍន៍ និងជឿនលឿន ខណៈរដ្ឋាភិបាលបានដាក់គោលដៅក្នុងមួយអាណិត្តបង្កើតការងារថ្មីឱ្យបានយ៉ាងហោចណាស់១លាន៥សែនកន្លែង។

ការថ្លែងបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី និយោជិតប្រមាណ ១៩,០០៤នាក់ មកពីរោងចក្រសហគ្រាចំនួន១៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

សម្តេចមានប្រសាសន៍ថា ​«​រឿងបង្កើតការងារបានឬមិនបាន ស្អីទៅធំជាងគេ? ក្មួយត្រូវចាំណា ដើម្បីឱ្យប្រទេសមួយអភិវឌ្ឍន៍ ដើម្បីឱ្យប្រទេសមួយមានការជឿនលឿន ដើម្បីឱ្យយើងមានការងារធ្វើដោយសុវត្ថិភាព និងបង្កើតការងារធ្វើបន្ថែម រឿងធំជាងគេគឺសន្តិភាព បើអត់សន្តិភាពទេក្មួយៗកុំនិយាយរឿងដោះស្រាយការងារ និយាយតែពីរឿងរត់ទៅត្រង់សេទៅបានហើយ»

សម្តេចតេជោបានថ្លែងបន្តថា ជាក់ស្តែង កម្ពុជាឆ្លងកាត់រួចមកហើយ ដែលកាលពីសម័យមានសង្រ្គាម ប្រជាជនគិតតែពីរត់ពួនដើម្បីគេចពីគ្រាប់កាំភ្លើង ​គេចពីការបាញ់សម្លាប់គ្នា ​និងមានការបាត់បង់ជីវីតមនុស្សប៉ុណ្ណោះ។

​សម្តេចបានគូសបញ្ជាក់បន្ថែម​ រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចបានកំណត់ថា ក្នុងមួយឆ្នាំយ៉ាងហោចណាស់ត្រូវតែបង្កើតការងារឱ្យបានពី២០ម៉ឺនទៅ៣០ម៉ឺនកន្លែង​ ឬក្នុងមួយអាណត្តិរបស់រាជរដ្ឋាភិបាលដែលមានរយៈពេល៥ឆ្នាំ​ ត្រូវបង្កើតការងារឱ្យបាន​ ក្នុងចន្លោះពី១លាន២សែន ទៅ១លាន៥សែនកន្លែងយ៉ាងតិច​។

ព្រមជាមួយគ្នានេះ រាជរដ្ឋាភិបាល ​បានចំណាយថវិកា ដើម្បីផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ពលរដ្ឋក្រីក្រ ដើម្បីបម្រើឱ្យការអភិវឌ្ឍន៍ប្រទេសបន្តផងដែរ។ ​ហើយរាជរដ្ឋាភិបាល នឹងបន្តខិតខំប្រឹងប្រែងក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ បណ្តាញទឹក ភ្លើងឱ្យបានកាន់តែប្រសើរទាក់ទាញអ្នកវិនិយោគមកធ្វើការកែច្នៃកសិផលដែលមានស្រាប់នៅក្នុងប្រទេស​។

ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាលបានតម្រង់ទិសជាបន្តបន្ទាប់ ក្នុងការទាក់ទាក់វិនិយោគិនទៅតាមបណ្តាខេត្ត ដោយផ្តល់សិទ្ធិអំណាចដល់ខេត្ត ​ក្នុងការសម្រេច ទៅលើការវិនិយោគបង្កើតរោងចក្រ សហគ្រាស ទៅតាមបណ្តាខេត្ត ក្នុងទុនមិនលើសពី៥លានដុល្លារ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីនោះដែរ សម្តេចតេជោ ថែមទាំងបាន អំពាវនាវដល់កម្មករ កម្មការិនី នាំគ្នាថ្កោលទោសលើសកម្មភាពរបស់ក្រុមចង្រៃមួយ ដែលតែងតែប្រាប់គេផ្តាច់ជំនួយ កុំមកវិនិយោគ និងកុំទិញទំនិញពីកម្ពុជា ដែ​លនឹងធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់កម្មករ៕