(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តថ្លែងផ្តាំផ្ញើដល់មនុស្សក្នុងស្រុកមួយចំនួន កុំផ្អើលតាមការញុះញង់របស់ក្រុមជ្រុលនិយមក្រៅប្រទេស ហើយបង្កចលាចលក្នុងប្រទេស ដែលនាំតែធ្វើឱ្យខ្លួនឯងជាប់គុកហើយគ្មានអ្នកជាប់ជំនួសនោះទេ សូម្បីអ្នកនៅក្រៅស្រុកនោះក៏វាមិនមកជាប់គុកជាមួយដែរ។

ការថ្លែងបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី និយោជិតប្រមាណ ១៩,០០៤នាក់ មកពីរោងចក្រសហគ្រាចំនួន១៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ចឹងសន្តិភាព វាជាការសំខាន់សម្រាប់យើងទាំងអស់គ្នា អ្នកណាក៏ត្រូវការសន្តិភាពរាប់ទាំងអ្នកធ្វើនយោបាយផ្ទុយពីយើង ក៏គេត្រូវការសន្តិភាពដែរ ប៉ុន្តែវាមានអាអ្នកចង់បង្កើតសង្គ្រាម ហើយសង្គ្រាមវាងាយបង្កើតទេ ដូចជាដាក់ផែនការមកចាប់ ហ៊ុន សែន ដាក់ផែនការឱ្យកម្លាំងប្រដាប់អាវុធ បាញ់មកលើ ហ៊ុន សែន ប៉ុន្តែអាក្បួននេះធ្វើឱ្យតែអាអ្នកក្នុងស្រុកនេះជាប់គុកទេ អាណឹងទោសក្បត់ជាតិ ចឹងហើយជាប់គុកឱ្យល្ពុយ និងដោះឱ្យល្ពុយដែរ»

សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំឱ្យមនុស្សក្នុងស្រុកមួយចំនួន កុំធ្វើតទៅទៀត ខណៈពេលនេះអ្នកខ្លះត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំ និងខ្លះទៀតបានលើកលែងទោស ហើយអ្នកទាំងឡាយដែលបានចាគចេញពីមន្ទីឃុំឃាំងទៅនៅក្រៅឃុំក្តី ឫទទួលបានព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ តាមសំណើររបស់នាយករដ្ឋមន្ត្រី ត្រូវតែប្រយ័ត្នប្រយែង កុំធ្វើសកម្មភាពតទៅទៀតឱ្យសោះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំទៅអ្នកដែលមិនទាន់ធ្វើសកម្មភាព ត្រូវទប់ខ្លួនឯង កុំធ្វើសកម្មភាពអីឱ្យសោះ តែហ៊ានធ្វើដឹងតែជាប់គុកហើយ គ្មានអ្នកជាប់ជំនួសនោះទេ ហើយអាអ្នកនៅក្រៅនោះវាមិនមកជាប់គុកជាមួយនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា «រដ្ឋាភិបាលត្រូវតែមានវិធានការការពារប្រជាជន ១៧លាននាក់ រឿងអីយើងមិនខ្លាចធ្វើមនុស្ស ១០០ ទៅ២០០នាក់នោះ អត់ខ្លាចទេ ពូបានប្រកាសទុកជាមុនហើយថា មិនខ្លាចលះបង់មនុស្ស ១០០ ទៅ ២០០នាក់ ដើម្បីការពារប្រជាជននោះទេ ការពារអ្វីដែលកំពុងមានក្នុងដៃកុំឱ្យវាបាត់ទៅវិញ»

សម្តេចតេជោ ហ៊ុន សែន ក៏បានសំណូមពរឱ្យកម្មករ កម្មារិនីទាំងអស់ រួមគ្នាការពារសន្តិភាពឱ្យបានគង់វង្ស ដើម្បីធានាដល់ការអភិវឌ្ឍសម្រាប់រយៈពេលវែងនៅកម្ពុជាផងដែរ៕