(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ បានថ្លែងថា សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ធ្វើឱ្យក្រុមប្រឆាំងដាច់ផ្ងារ។
ថ្លែងពេលអញ្ជើញជួបកម្មករជិត២ម៉ឺននាក់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ការធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត ដោយសារក្រុមប្រឆាំងធ្វើយុទ្ធនាការមិនទៅបោះឆ្នោត ហើយបំផុសចលនាមិនឲ្យទៅបោះឆ្នោត។ ប៉ុន្តែសម្តេចតេជោ អះអាងថា អ្នកមិនបានទៅបោះឆ្នោតសកល ២ដង គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ២០២៣ និងបោះឆ្នោតឃុំសង្កាត់ ២០២៧ នឹងមិនមានសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត នៅឆ្នាំ២០២៨ ឡើយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «អរគុណណាស់ ម្សិលមិញសភាអនុម័តច្បាប់។ កុំសួរថា ម៉េចបានសភាអនុម័តច្បាប់អញ្ចឹង សួរខ្លួនឯងទៅ។ ខ្លួនឯងធ្វើអីបានគេនាំទៅការចេញច្បាប់បែបនេះ។ (ក្រុមប្រឆាំងនិយាយថា) កុំទៅបោះឆ្នោតៗ សិទ្ធិរបស់ខ្ញុំទេតើ។ អើ! អញ្ចឹងដាក់ប៉ាច់ទៅ។ អាហ្នឹងមួយកញ្ចប់ដាច់ផ្ងារតែម្តង គឺចប់ ហើយមិនដឹងពេលណាឈ្នះ បានមកកែច្បាប់ហ្នឹងវិញ»។
សូមជម្រាបថា សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ត្រូវបានកិច្ចប្រជុំពេញអង្គរដ្ឋសភាអនុម័តទាំងស្រុង នាព្រឹកថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣ ដែលកិច្ចប្រជុំពេញអង្គរដ្ឋសភា ត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលផ្តោតសំខាន់លើការ កំណត់លក្ខខណ្ឌរបស់បុគ្គលដែលឈរឈ្មោះឱ្យគេបោះឆ្នោតនេះ ត្រូវបានធ្វើឡើងភ្លាមៗតាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន កាលពីយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះ។
បើតាមសម្តេចតេជោ ហ៊ុន សែន, ការផ្តួចផ្តើមធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត ជាការឆ្លើយតបទៅនឹងក្រុមប្រឆាំង ដែលនាំគ្នាធ្វើចលនាបំផុសមិនឱ្យប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោត ឬគូសបំផ្លាញសន្លឹកឆ្នោតជាដើម។ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតនេះ នឹងកំណត់ជាពិសេសសម្រាប់បុគ្គលដែលមានបំណងឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវតែបានចូលរួមបោះឆ្នោតក្នុងព្រឹត្តិការណ៍បោះឆ្នោតនានា នៅមុនអាណត្តិដែលខ្លួនឈរឈ្មោះឱ្យគេបោះឆ្នោតនោះ។
ក្រៅតែពីកំណត់នូវលក្ខខណ្ឌសម្រាប់បុគ្គលឈរឈ្មោះឱ្យគេបោះឆ្នោតហើយនោះ នៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតនេះ ក៏មានកំណត់ពីការផាកពិន័យ និងដាក់ទោសដល់បុគ្គល ដែលរំខាន និងរារាំងដំណើរការចុះបញ្ជីឈ្មោះបោះឆ្នោត ក៏ដូចជាការរំខាន រារាំង ឬអុកឡុកការបោះឆ្នោតផងដែរ។
យោងតាមសេចក្តីថ្លែងហេតុរបស់រាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា សំណើធ្វើវិសោធនកម្មនេះ ត្រូវបានធ្វើឡើងស្របតាមការកំណត់នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ពិសេសវាក្យខណ្ឌទី៥ នៃមាត្រា ៣៤ ថ្មី (មួយ) ដែលចែងថា «បទប្បញ្ញត្តិដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវកំណត់ក្នុងច្បាប់»។ ទន្ទឹមនេះ សំណើធ្វើវិសោធនកម្មនេះ ក៏មិនធ្វើឱ្យប៉ះពាល់ឡើយដល់ «សិទ្ធិបោះឆ្នោត» របស់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននៃព្រះរាជាណាចកកម្ពុជា។ «ការទៅបោះឆ្នោត» ឬ «ការមិនទៅបោះឆ្នោត» នៅតែជាសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរ និងពុំមែនជាកាតព្វកិច្ចដែលមានចរិតជាការចាប់បង្ខំប្រជាពលរដ្ឋឱ្យទៅបោះឆ្នោត ដូចបណ្ដាប្រទេសប្រជាធិបតេយ្យសេរីមួយចំនួនក្នុងពិភពលោកនោះទេ៕