(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នៅកម្ពុជា មានមនុស្សចង្រៃមួយប្រាប់គេផ្តាច់ជំនួយ កុំមកវិនិយោគ និងកុំទិញទំនិញពីកម្ពុជា។
បើទោះបីជាសម្តេចតេជោ ហ៊ុន សែន មិនបានបញ្ជាក់ឱ្យចំថាក្រុមអ្នកនយោបាយប្រឆាំងណាមួយក៏ដោយ ប៉ុន្តែ ទង្វើដ៏ឆ្គួតលីលានេះ គឺបង្កឡើងដោយក្រុមអ្នកនយោបាយអតីតគណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយទណ្ឌិតក្បត់ជាតិ ៣ ជំនាន់ សម រង្ស៉ី ដែលកិច្ចកាលក្រុមនេះតែងតែដើរញុះញង់បរទេសនានាឱ្យផ្តាច់ជំនួយ មិនឱ្យទិញទំនិញពីកម្ពុជា ដើម្បីបម្រើឱ្យមហិច្ឆតានយោបាយប្រឆាំងរបស់ខ្លួន ដោយមិនគិតពីប្រយោជន៍របស់ជាតិ និងប្រជាពលរដ្ឋកម្ពុជានោះឡើយ។
ការថ្លែងបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពបន្តជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី និយោ ជិតប្រមាណ ១៩,០០៤នាក់ មកពីរោងចក្រសហគ្រាចំនួន១៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ស្រុកខ្មែរយើងមានអាក្រុមចង្រៃមួយក្រុម ដើរប្រាប់បរទេសឱ្យផ្តាច់ជំនួយពីកម្ពុជា កុំឱ្យទិញទំនិញពីកម្ពុជា ហើយសូមដាក់ទណ្ឌកម្មកម្ពុជា។ អ៊ឹចឹងក្មួយៗគិតមើលបើសិនរោងចក្រត្រូវបិទ តើអ្នកណាស្លាប់មុនគេ? គឺក្មួយអ្នកដែលទទួលប្រាក់ខែ ប្រចាំខែ គឺនឹងត្រូវបាត់បង់ប្រាក់ប្រចាំខែ។ អ៊ឹចឹងក្មួយៗត្រូវហ៊ានថ្កោលទោសអាក្រុមនេះ ព្រោះជាក្រុមបំផ្លាញជាតិ។
ថ្លែងនៅចំពោះមុខកម្មករ កម្មការិនី សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់កម្មករ កម្មការិនី នាំគ្នាថ្កោលទោសលើសកម្មភាពក្រុមចង្រៃទាំងអស់នោះ។
ជាមួយគ្នានេះដែរ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា សម្រាប់នៅបរទេស គឺមិនដែលមានអ្នកនយោបាយប្រឆាំងណាមួយដើរញុះញង់ឱ្យបរទេសផ្តាច់ជំនួយ ឬមិនឱ្យបញ្ជាទិញទំនិញដូចក្រុមអ្នកនយោបាយប្រឆាំងនៅស្រុកខ្មែរនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ត្រូវរក្សាចាស់ និងបង្កើតថ្មី ដើម្បីរក្សាស្ថេរភាពការងារនៅកម្ពុជា។ ខណៈសន្តិភាព គឺជាលក្ខខណ្ឌចាំបាច់ ដែលនាំឱ្យមានការវិនិយោគ និងមានការងារធ្វើ។
សម្តេចតេជោ ហ៊ុន សែន ប្រាប់មនុស្សក្នុងស្រុកមួយចំនួន កុំផ្អើលតាមការញុះញង់របស់ក្រុមជ្រុលនិយមក្រៅប្រទេស បង្កចលាចលក្នុងប្រទេស។
សម្តេចតេជោ ហ៊ុន សែន បានអះអាងថា នយោបាយការងារ គណបក្សប្រជាជនមានការគិតគូរច្បាស់លាស់ មិនមែនឆក់កណ្តៀតនោះឡើយ៕