(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាក់ឃ្លីបត្រូលសាមកុកស្តីពីការបោះឆ្នោត ដោយសម្ដេចតេជោបានសម្ដែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះខ្លឹមសារអប់រំឱ្យប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោត ព្រមទាំងបានណែនាំឱ្យក្រុមការងារគណបក្សប្រជាជនកម្ពុជាចាក់ឃ្លីបនេះក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត។

ការណែនាំយ៉ាងដូច្នេះរបស់សម្ដេចតេជោ ត្រូវបានធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ/កម្មការិនីជិត២ម៉ឺននាក់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

នៅក្នុងឃ្លីបត្រូលសាមកុកនោះ សម្ដេចតេជោបានការពេញចិត្តចំពោះការជំរុញប្រជាជនឱ្យទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ហើយកុំជឿតាមការញុះញង់របស់ពួកប្រឆាំងក្រៅស្រុក ដែលបានតែស្រែកពីខាងក្រៅ បំភ្លៃការពិតក្នុងប្រទេស បោកប្រាស់ប្រជាជនជារឿយៗ។

នៅក្នុងឃ្លីបនោះដែរ ត្រូលសាមកុកបានបង្ហាញអំពីការអភិវឌ្ឍប្រទេសក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដែលធ្វើឱ្យប្រទេសនិងប្រជាជនកម្ពុជាមានការអភិវឌ្ឍប្រែមុខមាត់យ៉ាងច្រើន មិនដូចការបំភ្លៃរបស់ក្រុមអ្នកប្រឆាំងក្រៅប្រទេសដែលចេះតែថានោះឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «សូមអរគុណចំពោះអ្នកត្រូល! ខ្ញុំសូមផ្ដល់មតិឱ្យតាមឃុំ/សង្កាត់ តាមខេត្តនានាឱ្យចាក់ឃ្លីបនេះក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត ព្រោះបានសើចផង និងបានពន្យល់ឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត ប្រាប់ពីថ្ងៃបោះឆ្នោត និងគួរបោះឆ្នោតឱ្យអ្នកណា ដូច្នេះយកឃ្លីបត្រូលហ្នឹងទៅចាក់ផងទៅ អត់ទាស់ខុសអីទេ»។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ប្រការនេះមិនមែនចេះតែឃោសនានោះទេ ក៏ប៉ុន្តែរឿងពិតក្នុងប្រទេសកម្ពុជាគឺយ៉ាងដូច្នេះឯង ភាពរីកចម្រើននៅប្រទេសកម្ពុជានេះគឺមានចំណែកចេញពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងនោះក៏មានឪពុកម្ដាយរបស់កម្មករ/កម្មការិនីផងដែរ៕