(ព្រែកប្រសព្វ-ក្រចេះ)៖ លោកស្រី ប្រាក់ ចន្ថា អតីតអគ្គលេខាធិការងគណបក្សហ្វ៊ុនស៊ិនប៉ិច និងជាអតីតសមាជិកអចិន្រ្តៃយ៍គណបក្សខ្មែររួបរួមជាតិ ដែលបច្ចុប្បន្នលោកស្រីក្លាយទៅជារដ្ឋលេខាធិការនៃក្រសួងមុខងារសាធារណៈ និងជាអនុប្រធានក្រុមការងារខេត្តក្រចេះ បានលើកឡើងថា «ខ្ញុំមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺដោយបេះដូងមិនមែនជាការលក់ដូរទឹកចិត្តនិងឧត្តមគតិស្នេហាជាតិរបស់ខ្លួន ដើម្បីប្តូរ យកមុខតំណែងនោះឡើយ»។
លោកស្រី ប្រាក់ ចន្ថា ថ្លែងយ៉ាងដូច្នេះកាលពីព្រឹកថ្ងៃទី២៣ខែមិថុនា ឆ្នាំ២០២៣ក្នុងពិធីសំណេះសំណាល របស់ក្រុមការងារខេត្តក្រចេះជាមួយប្រជាពលរដ្ឋនៅឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដែលមានប្រជាពលរដ្ឋជិត៩០០នាក់បានមកជួបជុំគ្នា ក្នុងបរិវេណវត្តសោភណារាមហៅវត្តសោបលើ។
លោកស្រី ប្រាក់ ចន្ថា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានបញ្ជាក់យ៉ាងច្បាស់ពីមូលហេតុដែលលោកស្រីស្ម័គ្រចិត្តមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានៅពេលនេះថា គឺជាការស្ម័គ្រចិត្តដោយបេះដូងមិនមែនជាការលក់ដូរទឹកចិត្តនិងឧត្តមគតិស្នេហាជាតិ ដើម្បីប្តូរយកមុខតំណែងណាមួយដូចការលើកឡើងរបស់មជ្ឈដ្ឋានអគតិជ្រុលនិយមនោះឡើយ ព្រោះលោកស្រីក៏មិនខុសពីអ្នកនយោបាយផ្សេងៗទៀតដែរ គឺសុខចិត្តផ្លាស់ប្តូរជំហរនយោបាយរបស់ខ្លួនដោយសារតែបានមើលឃើញយ៉ាងច្បាស់ពីវីរភាពដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្រ្គាមនៅកម្ពុជាបាននាំមកនូវសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា។
ចុងក្រោយ លោកស្រីរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានក្រុមការងារខេត្តក្រចេះ បានអំពាវនាវដ៏ទទូចសុំឲ្យពលរដ្ឋម្ចាស់ឆ្នោតទាំងអស់សូមប្រើប្រាស់សិទ្ធិម្ចាស់ឆ្នោតរបស់ខ្លួនឲ្យមានតម្លៃ ដោយចូលរួមកុំបីអាក់ខានក្នុងព្រឹត្តិការណ៍បោះឆ្នោតជាតិនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះនិងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីធានាការពារសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពឥតឈប់ឈរសម្រាប់មាតុភូមិ និងប្រជាជនកម្ពុជាឲ្យបានយូរអង្វែងតរៀងទៅនៅក្រោមមគ្គុទេ្ទសក៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន។
សូមបញ្ជាក់ថា លោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះ ក៏មានវត្តមានក្នុងពិធីសំណេះសំណាលនេះផងដែរ៕