(ពោធិ៍សាត់)៖ នៅក្នុងដំណើរវិស្សមកាល រយៈពេលខ្លី កាលពីពេលថ្មីៗនេះ កញ្ញា ចំរើន សុភក្ត្រ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស និងរស្មីហង្សមាស រួមទាំងតារាសម្តែង និងពិធីករ ពិធីការិនីមួយចំនួនទៀត បានសម្តែងការចាប់អារម្មណ៍ខ្ពស់ ជុំវិញសក្តានុពលទេសចរណ៍ ដែលមាននៅក្នុងឃុំអូរសោម ស្រុកវាលវែង នៃខេត្តពោធិ៍សាត់។
សម្រាប់ដំណើរវិស្សមកាល រយៈពេលខ្លីនេះដែរ គឺបានការឧបត្ថម្ភ និងសម្របសម្រួលដោយ លោក អេង គន្ធា អគ្គនាយករងអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំអន្សាចំបក់ ស្រុកក្រគរ និងឃុំស្រែស្តុក ស្រុកកណ្តៀង។
បើតាម កញ្ញា ចំរើន សុភក្ត្រ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស និងរស្មីហង្សមាស បានថ្លែងប្រាប់ភ្នាក់ងារអង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា ពិតណាស់ដែរថាឃុំអូរសោម ជាតំបន់ទេសចរណ៍ ដែលមានសក្តានុពលខ្ពស់ ព្រោះថាទីតាំងនេះមានលក្ខណៈអំណោយផលខ្លាំងពីធម្មជាតិ ដែលមានអាកាសធាតុត្រជាក់ មានទឹកធ្លាក់ មានជ្រលងភ្នំបុព្វតា មានព្រៃឈើ-ព្រៃក្រវាញ មានចម្ការផ្លែឈើហូបផ្លៃ និងមានផ្ទៃសមុទ្រទឹកសាប ដែលអាចទាញយកថាមពលវ៉ារីអគ្គិសនីមកប្រើប្រាស់បាន ហើយបើប្រៀបធៀបនឹងផ្ទៃប្រទេសទាំងមូល ប្រហែលជាមិនអាចប្រៀបស្នើបាននោះទេ។
ក្នុងនាមកញ្ញា ជាប្រជាពលរដ្ឋខ្មែរម្នាក់ កញ្ញាសូមសន្យាថានឹងជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ ដែលមាននៅក្នុងឃុំអូរសោមនេះ ឱ្យបានទូលំទូលាយ ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរ មកទស្សនាកម្សាន្តឱ្យកាន់តែច្រើនថែមទៀត។ ជាមួយគ្នានោះ កញ្ញាសូមស្នើដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមថែរក្សាព្រៃធម្មជាតិ ក៏ដូចជាចូលរួមសហការអភិរក្ស បង្ការ និងទប់ស្តាត់ ការកាប់ទន្ទ្រានដីព្រៃ ធ្វើជាកម្មសិទ្ធិ ឬលក់ឱ្យជនចំណាកស្រុកទាំងឡាយទាំងពួង ដើម្បីបានជាប្រយោជន៍ជូនប្រជាជនកម្ពុជា ជាពិសេសប្រជាពលរដ្ឋ ក្នុងឃុំអូរសោមនេះផ្ទាល់តែម្តង។
នារាត្រីវិស្សមកាលនោះ ក្រុមការងារទាំងអស់ រួមទាំងថ្នាក់ដឹកនាំ និងអាជ្ញាធរស្រុកឃុំ ក៏បានចូលរួមច្រៀង និងរាំលេងកម្សាន្តសប្បាយ អមដោយបទចម្រៀងប្រពៃណី ជាមួយបងប្អូនជនជាតិដើមភាគតិច «ជង» ផងដែរ។
គួរជម្រាបផងដែរថា ស្របពេលដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចសាងសង់ផ្លូវជាតិលេខ១០ ចាប់ពីចំណុចអក្សT ស្រុកសំឡូត ខេត្តបាត់ដំបង់ ឆ្លងកាត់ស្រុកវាលវែង ឃុំអូរសោម ខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង ដែលមានប្រវែងសរុបជាង១៩៨គីឡូម៉ែត្រនោះ, ក្នុងអាណត្តិដឹកនាំ របស់លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ផ្លូវបេតុងក្នុងឃុំអូរសោម ចំនួន៧ខ្សែ ប្រវែងជាង២៨គីឡូម៉ែត្រ ក៏ត្រូវបាននឹងកំពុងស្ថាបនាព្រមគ្នា ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទីនោះ សាកសមជាតំបន់ទាក់ទាញភ្ញៀវទេសចរដ៏ពេញនិយម និងជាទឹកដីបៃតង ដែលមានអាកាសធាតុល្អអំណោយផលពីធម្មជាតិ៕