(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ដែលជាអំណោយរបស់ក្រុមហ៊ុន ខេម៉ា ស៊ីធីគ្រុប ចែកជូនដល់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកចំនួន៩១៦គ្រួសារ ក្នុងឃុំជ្រោយស្ដៅ ស្រុកថ្មគោល។
ក្នុងឱកាសនោះ លោក សុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះក្រុមហ៊ុន ខេម៉ា ស៊ីធីគ្រុប ដែលបរិច្ចាគនូវធនធានរបស់ខ្លួន ដើម្បីផ្ដល់ជូនដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ចំនួន៣,០០០គ្រួសារនេះ ដែលជាសកម្មភាពមនុស្សធម៌បង្ហាញពីការស្រឡាញ់គ្នា ការចេះជួយគ្នាទៅវិញទៅមកក្នុងនាមជាខ្មែរដូចគ្នា ដែលជាទឹកចិត្តមនុស្សធម៌មិនអាចកាត់ថ្លៃបាន។
លោកបានបញ្ជាក់ទៀតថា ក្រុមហ៊ុន ខេម៉ា ស៊ីធីគ្រុប ដែលកំពុងធ្វើការវិនិយោគនៅក្នុងខេត្តបាត់ដំបង ហើយក្នុងនោះដែរខេត្ត ក៏នៅតែបន្តចង់បានអ្នកវិនិយោគជាច្រើនមកវិនិយោគ ជាពិសេសផ្នែកកសិឧស្សាហកម្ម ដែលខេត្តបាត់ដំបងសម្បូរទៅដោយផលកសិកម្មជាច្រើន មិនទាន់បានយកទៅកែច្នៃ ឲ្យអស់លទ្ធភាពនៅឡើយ ដោយសារខ្វះបច្ចេកទេស និងខ្វះអ្នកវិនិយោគផ្នែកនេះជាច្រើន។
លោកបានណែនាំដល់អាជ្ញាធរមូលដ្ឋាន មានភូមិឃុំ ត្រូវធ្វើយ៉ាងបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគ ដែលមានបំណងចង់ធ្វើការវិនិយោគនៅលើមូលដ្ឋានរបស់ខ្លួន ព្រោះកាលណាដែលមានអ្នកវិនិយោគ គឺធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរឡើង ហើយរដ្ឋបាលខេត្តស្វាគមន៍ជានិច្ច និងបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុក។
លោក សុខ លូ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីបំពេញជាតួនាទីប្រជាពលរដ្ឋពេញលក្ខណៈ ហើយចំពោះប្រជាពលរដ្ឋណាដែលបាត់ ឬខូចអត្តសញ្ញាណប័ណ្ណ សូមប្រញាប់ទៅទាក់ទង ឃុំ សង្កាត់របស់ខ្លួន ដើម្បីធ្វើលិខិតបញ្ជាក់អត្តសញ្ញាណ ដយកទៅធ្វើជាឯកសារសម្រាប់ប្រើប្រាស់៕