(កណ្តាល)៖ លោកឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បានអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងអប់រំចិត្តសាស្រ្ត របស់តំបន់ប្រតិបត្តិការសឹករងកណ្តាល។ ពិធីនេះធ្វើឡើងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នៅសាលប្រជុំរបស់ទីបញ្ជាការ ដោយមានការអញ្ជើញចូលរួមពី នាយទាហាន នាយទាហានរង មេបញ្ជាការរង នាយការិយាល័យ នាយផ្នែកសឹករងក្រុង/ស្រុក វរៈ និងផ្នែកពាក់ព័ន្ធជាច្រើនរូប។

ថ្លែងក្នុងឱកាសនោះ លោកមេបញ្ជាការបានធ្វើការកោតសរសើរ និងអរគុណដល់នាយ ពលទាហាន ដែលបានខិតខំបំពេញតួនាទីជូនថ្នាក់លើបានយ៉ាងល្អប្រសើរ និងបានបញ្ជាក់ជូនអំពីសភាពការណ៍អន្តរជាតិ សភាពការណ៍ក្នុងតំបន់ និងសភាពការណ៍ថ្មីៗ ដែលកើតមានឡើងក្នុងប្រទេសកម្ពុជា ពិសេសការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ពាក់ព័ន្ធទៅនឹងតួនាទី ភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ត្រី នៃ និយម បានសង្កត់ធ្ងន់ថា កងយោធពលខេមរភូមិន្ទ ជាកម្លាំងដ៏រឹងមាំរបស់ប្រទេសជាតិ ត្រូវប្រកាន់ភ្ជាប់នូវសេចក្ដីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ អនុវត្តខ្ជាប់ខ្ជួននូវច្បាប់លក្ខន្តិកៈ បទបញ្ញត្តិទូទៅកងយោធពលខេមរភូមិន្ទ ចូលរួមកសាងអភិវឌ្ឍន៍ ការពារច្បាប់កំពូលរបស់ជាតិ ការពារដាច់ខាតជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ រក្សាឲ្យបានដាច់ខាតនូវសុខសន្តិភាព។

ក្រៅអំពីការលើកឡើងនូវចំណុចសំខាន់ៗ ដែលរាជរដ្ឋាភិបាលសម្រេចបាននាពេលកន្លង ពោលគឺចាប់តាំងពីការរំដោះជាតិមាតុភូមិពីភ្នក់ភ្លើងសង្រ្គាម ឈានមកដល់ការអភិវឌ្ឍ រីកចម្រើនដូចបច្ចុប្បន្ននេះ លោកឧត្តមសេនីយ៍ត្រី នៃ និយម បានផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ សូមទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣នាពេលខាងមុខនេះ ដើម្បីបន្តការរីកចម្រើនតទៅមុខទៀត។

លោកមេបញ្ជាការ ក៏បានផ្តល់កិត្តិយស ធ្វើការប្រគល់នូវបណ្ណសរសើររបស់បញ្ជាការដ្ឋានកងទ័ពជើងគោក ដល់ក្រុមគ្រូពេទ្យ ដែលបានចូលរួមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នាពេលកន្លងមក និងបាននាំមកជាមួយនូវថវិការបស់​លោកបណ្ឌិត ហ៊ុន ម៉ាណែត និងអំណោយគ្រឿងឧបភោគបរិភោគ សប្បុរសជន ចែកជូនដល់ នាយទាហាន នាយទាហានរង ជាមេបញ្ជាការ មេបញ្ជាការរង នាយការិយាល័យ នាយផ្នែកសឹករងក្រុង/ស្រុក វរៈផងដែរ៕