(ព្រះវិហារ)៖ ក្រុមហ៊ុនអេមរុរ៉ាយស៍ និងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា បានបន្តចុះកិច្ចសន្យាជាមួយសហគមន៍កសិកម្ម ក្នុងខេត្តព្រះវិហារ ទិញស្រូវ និងដំឡូងមីសរីរាង្គក្នុងបរិមាណចំនួន៤៣,៧៧០តោន ក្នុងឆ្នាំ២០២៣ បើប្រៀបធៀបនឹងឆ្នាំ២០២២ ត្រឹម២៨,០០០តោនប៉ុណ្ណោះ។

ពិធីចុះហត្ថលេខាលើកិច្ចសន្យាផលិត និងផ្គត់ផ្គង់ស្រូវ និងដំឡូងមីសរីរាង្គនាពេលនេះ ធ្វើឡើងក្រោមវត្តមានលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរកសិកម្មខេត្ត តំណាងក្រុមហ៊ុនទាំង២ និងសហគមន៍កសិកម្មជាច្រើនរូបទៀត។

លោក គីម រិទ្ធី បានថ្លែងដោយក្តីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្ម កសិកម្មតាមកិច្ចសន្យា ស្តីពីការផលិត និងផ្គត់ផ្គង់ ស្រូវ ដំឡូងមីសរីរាង្គរវាងក្រុមផលិសហគមន៍កសិកម្ម ក្នុងខេត្តព្រះវិហារ ជាមួយក្រុមហ៊ុនអេមរុរ៉ាយស៍ និងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា ដែលជាក្រុមហ៊ុននាំចេញ ស្ថិតក្នុងចំណោមក្រុមហ៊ុននាំចេញអង្ករ និងដំឡូងមីឈានមុខនៅក្នុងប្រទេសកម្ពុជា។

លោកអភិបាលខេត្តព្រះវិហារ បានថ្លែងអរគុណដល់ដៃគូអភិវឌ្ឍន៍ ដែលបានជួយគាំទ្រកន្លងមកដល់ដំណើរការផលិតកម្មកសិកម្មតាមកិច្ចសន្យាលើស្រូវ និងដំឡូងមីសរីរាង្គ មានដូចជាទីភ្នាក់ងារបារាំង ដើម្បីអភិវឌ្ឍន៍ (AFD) តាមរយៈគម្រោងគាំទ្រពាណិជ្ជកម្មស្រូងអង្ករកម្ពុជា (SCCRP) កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងកាបម្រែបម្រួលអាកាសធាតុ (ASPIRR) អង្គការក្សេត្រសាស្ត្រ និងពេទ្យសត្វគ្មានព្រំដែន (AVSF) និងអង្គការ GIZ ជាដើម។

លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់មន្ទីរកសិកម្ម មន្ទីរពាណិជ្ជកម្ម និងសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ ដែលបានរៀបចំពិធីចុះហត្ថលេខានេះឡើង ក្នុងគោលបំណងបង្ហាញពីការធានាទីផ្សារស្រូវ និងដំឡូងមីសរីរាង្គរបស់កសិករក្នុងខេត្តព្រះវិហារ ដែលកំពុងផលិតក្នុងឆ្នាំ២០២៣នេះ។

លោកបានឲ្យដឹងថា ផែនការក្នុងឆ្នាំ២០២៣នេះ កិច្ខសន្យាផលិតកម្មកសិកម្មលើកសិផលសរីរាង្គសរុប ចំនួន៤៣,៧៧០តោន ក្នុងនោះស្រូវសរីរាង្គចំនួន១៨,៧៦០តោន ដំឡូងមីសរីរាង្គ២៥,០០០តោន និងសណ្តែកដីសរីរាង្គចំនួន១០តោនផងដែរ។ បើប្រៀបធៀបនឹងឆ្នាំ២០២២កន្លងមក គឺសហគមន៍កសិកម្មក្នុងខេត្តព្រះវិហារ បានផ្គត់ផ្គង់ជូនក្រុមហ៊ុននាំចេញចំនួនជាង២៨,០០០តោនប៉ុណ្ណោះ។

ដោយឡែក លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានលើកឡើងថា បច្ចុប្បន្ននេះខេត្តព្រះវិហារ មានសហគមកសិកម្មសរុបចំនួន៤៣សហគមន៍ មានសមាជិកសរុបប្រមាណ១មុឺនគ្រួសារ ដោយមានការសម្របសម្រួលពីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងត្រូវបានចុះបញ្ជីទទួលស្គាល់ ជាសហគមន៍កសិកម្មស្របច្បាប់ដោយមន្ទីរកសិកម្មខេត្ត។

លោកប្រធានមន្ទីរ បានបញ្ជាក់ថា ការចុះហត្ថលេខានាពេលនេះ គឺក្រុមហ៊ុនអេមរុរ៉ាយស៍ នឹងបន្តចុះកិច្ខសន្យាផលិតកម្មកសិកម្ម ជាមួយកសិកម្មចំនួន២១ ដែលមានអ្នកផលិតប្រមាណជាង៣,០០០គ្រួសារ លើកសិផលស្រូវសរីរាង្គសរុប១៦,០០០តោន។ ចំណែកក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC) នឹងបន្តចុះកិច្ចសន្យាផលិតកម្មកសិកម្មជាមួយសហគមន៍កសិកម្ម ចំនួន១០ ដែលមានអ្នកផលិតជាង១,៤០០គ្រួសារ លើកសិផលដំឡូងមីសរីរាង្គចំនួន២៥,០០០តោន៕