(សៀមរាប)៖ លោក ឥត សារ៉ាត់ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងាររដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តសៀមរាប បានណែនាំឱ្យសកម្មជនបក្សបន្តចុះតាមខ្នងផ្ទះដើម្បីជួបជាមួយប្រជាពលរដ្ឋ និងជំរុញឱ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលំដាប់លេខរៀងទី១៨ នៅចុងសន្លឹកឆ្នោត។

ការណែនាំបែបនេះរបស់លោក ឥត សារ៉ាត់ បានធ្វើឡើងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងឱកាសលោកបានជួបសំណេះសំណាលជាមួយថ្នាក់ដឹកគណបក្សប្រជាជនកម្ពុជា និងសមាជិក សមាជិកា នៅសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។

នាឱកាសនោះដែរ លោក ឥត សារ៉ាត់ បានក៏បានជំរុញឱ្យអាជ្ញាធរ ត្រូវពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយចំពោះប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រដែលមិនមានបណ្ណក្រីក្រពិតប្រាកដ និងគ្មានបណ្ណក្រីក្រ ដើម្បីធ្វើយ៉ាងដោះស្រាយបញ្ហានេះជូនពួកគាត់ឱ្យបានទាន់ពេលវេលា ដោយមិនប្រកាន់និន្នាការអ្វីឡើយ។

ជាមួយគ្នានេះដែរ លោក ឥត សារ៉ាត់ បានបន្ថែមថា សម្រាប់សមាជិកគណបក្សដែលត្រូវចុះជួបប្រជាពលរដ្ឋនៅតាមខ្នងផ្ទះត្រូវតែមានសមត្ថភាព ដោយទទួលបានការបណ្តុះបណ្តាលយ៉ាងច្បាស់លាស់ជាមុនសិន។ សម្រាប់ការចុះនៅតាមខ្នងផ្ទះនេះក៏ជាឱកាសមួយដើម្បីទាក់ទាញប្រជាពលរដ្ឋដែលមាននិន្នាការលើគណបក្សផ្សេងឱ្យមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា និងបោះឆ្នោតជូននៅថ្ងៃខាងមុខនេះ។

លោក ឥត សារ៉ាត់ បានបន្តថា ការចុះនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ គឺអាចឱ្យមន្ត្រីរបស់គណបក្សបានស្តាប់ឮដោយផ្ទាល់នូវរឿងរ៉ាវ ព្រមទាំងសំណូមពរទាំងឡាយណាដែលពួកគាត់ចង់ប្រាប់យើងឱ្យជួយដោះស្រាយជូនពួកគាត់ជាដើម៕

http://image.freshnewsasia.com/2021/id-022/fn-2023-06-23-20-51-48-2.JPG