(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី បានអញ្ជើញជាអធិបតីក្នុងពិធីទទួលទានអាហារស្វាគមន៍ ជូនគណៈប្រតិភូនៃអង្គការពុទ្ធសាសនិកពិភពលោក (The World Fellowship of Buddhists-WFB) នៅសណ្ឋាគារ Raffle Le Royal Phnom Penh។
សូមជម្រាបថា ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឬទ័យព្រះរាជានុញ្ញាតឱ្យគណៈប្រតិភូ WFB ដឹកនាំដោយ លោកព្រឹទ្ធបុរស Phallop Thaiarry ប្រធាន WFB ព្រមទាំងថ្នាក់ដឹកនាំព្រះសង្ឃមកពីប្រទេស ជប៉ុន កូរ៉េ ថៃ ចូលក្រាបបង្គំគាល់ និងថ្វាយព្រះរាជគោរមងារ «ព្រះរាជពុទ្ធមាមកាភិបាល នៃអង្គការពុទ្ធសាសនិកពិភពលោក» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ នៅព្រះបរមរាជវាំង។
ជាកិច្ចចាប់ផ្តើម លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានមានប្រសាសន៍ស្វាគមន៍ និងថ្លែងអំណរគុណ ចំពោះវត្តមានដ៏ឧត្តុង្គឧត្ដមរបស់ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងពិធីពិសាអាហារពេលល្ងាចដ៏សែនមនោរម្យនាពេលនេះ។
លោកស្រីបានថ្លែងប្រកបដោយមោទនភាពថា ថ្ងៃស្អែកនេះជាទិវាដ៏វិសេសវិសាលសម្រាប់ប្រជាជាតិខ្មែរ រួមទាំងភ្ញៀវកិត្តិយសអន្តរជាតិ ក្នុងការធ្វើជាសាក្សីក្នុងពិធីប្រគល់ព្រះគោរមងារដ៏ឧត្តុង្គឧត្តម ថ្វាយ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
លោកស្រីបានគូសបញ្ជាក់ថា ប្រជាជាតិខ្មែរទាំងមូលពិតជាមានមោទនភាព និងមហាកិត្តិយសយ៉ាងធំធេង ដែល ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់លើត្បូង ព្រះអង្គទទួលបាននូវព្រះគោរមងារកិត្តិយសនេះ។ ព្រះគោរមងារប្រកបដោយកិត្តិគុណនេះ គឺជាសក្ខីភាពដ៏ខ្ពង់ខ្ពស់ នៃព្រះមហាករុណាទិគុណដ៏ឧត្តុងឧត្តមថ្លៃថ្លារបស់ ព្រះករុណា ព្រះមហាក្សត្ស ជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានយកព្រះរាជហឫទ័យទុកដាក់ក្នុងព្រះរាជសទ្ធា និងព្រះរាជតួនាទីដ៏ប្រសើរខ្ពង់ខ្ពស់ក្រៃលែង លើកតម្កើងព្រះពុទ្ធសាសនា ដរាបបានក្លាយជា ព្រះនិមិត្តរូបដ៏ល្អបរិសុទ្ធឧត្តុងឧត្តម នៃឯកភាពជាតិ និងនិរន្តរភាពជាតិ ជាគំរូក្នុងការប្រតិបត្តិ និងផ្សព្វផ្សាយព្រះធម៌ព្រះពុទ្ធលើសកលលោក ជាពិសេស ការបន្តបវេណីអភិរក្ស និងអភិវឌ្ឍព្រះពុទ្ធសាសនានៅ កម្ពុជា។
លោកស្រីបានគូសបញ្ជាក់ថា ប្រទេសកម្ពុជា គឺជាប្រទេសកាន់ព្រះពុទ្ធសាសនាតែមួយគត់លើពិភពលោក ដែលបានយកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋក្នុងរដ្ឋធម្មនុញ្ញ ស្របពេលដែលប្រកាន់យកនូវសេរីភាពសាសនា និងសុខដុមរមនាអន្តរសាសនា។
លោកស្រីបានលើកឡើងបន្តថា ទស្សនវិជ្ជាព្រះពុទ្ធសាសនា គឺជាធាតុសំខាន់មួយ និងជាលក្ខណៈនៃលទ្ធិប្រជាធិបតេយ្យ អភិបាលកិច្ចរដ្ឋ និងការអភិវឌ្ឍន៍សង្គមរបស់ប្រទេសកម្ពុជា។
ជាងនេះទៅទៀត លោកស្រីកិត្តិសង្គហណ្ឌិត បានបន្ថែមថា ព្រះពុទ្ធសាសនាបាននឹងកំពុងដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់យុត្តិធម៌សង្គម បរិយាបន្នសង្គម និងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ ដែលជាមូលដ្ឋានគ្រឹះនៃសន្តិភាពយូរអង្វែង និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ពិតណាស់ យុត្តិធម៌សេចក្តីទៀងត្រង់មិនលំអៀង សេចក្តីស្រឡាញ់ ការអាណិតអាសូរ និងការអភ័យទោស គឺជាធាតុគន្លឹះសំខាន់នៃអភិបាលកិច្ច៕