(ភ្នំពេញ)៖ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ដើម្បីជំរុញការអភិវឌ្ឍវិស័យ ធុរកិច្ច-កសិកម្មនៅកម្ពុជា។
លើសពីនោះក្នុងគោលបំណង ផ្លាស់ប្តូរកម្មវិធីសិក្សា (Credit Transfer) ផ្ដាស់ប្ដូរធនធានមនុស្ស សហការ និងជំរុញក្នុងការបង្កើតអាជីវកម្ម ឬអនុវត្តគម្រោងរួមគ្នារវាងសាស្ត្រាចារ្យ និស្សិត រួមទាំងបញ្ជូន និងទទួលនិស្សិតធ្វើកម្មសិក្សាស្រាវជ្រាវ និងអនុវត្តលើវិស័យធុរកិច្ច កសិកម្ម។
ពិធីចុះអនុស្សរណៈនេះ បានធ្វើឡើងនាទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាព លោក ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់
និងមានការចូលរួមពី ឧកញ៉ា ទេព កូលាប សាកលវិទ្យាធិការនៃសាកវិទ្យាល័យភ្នំពេញអន្តរជាតិ, សាស្រ្តាចារ្យរងបណ្ឌិត ហួន ថាវរៈ សាកលវិទ្យាធិការសាកលវិទ្យាល័យភូមិន្ទកសិកម្ម, លោកបណ្ឌិត ធន វឌ្ឍនា នាយកវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប, លោក ហែម វីរៈ នាយកវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម និងភ្ញៀវកិត្ដិយសជាច្រើនរូបទៀត។
លោក ចាន់ សុវុឌ្ឍ បានថ្លែងថា ការចុះអនុស្សរណៈយោគយល់គ្នាដែលបានធ្វើឡើងរវាងសាលាឯកជន និងសាលារដ្ឋនេះ ដើម្បីស្វែងរកភាពរីកចម្រើនលើវិស័យកសិកម្មបន្ថែមទៀត ឱ្យកាន់តែមានភាពល្អប្រសើរ។
«ខ្ញុំរពឹងថាក្រោយពីការចុះអនុស្សរណៈនេះ យើងនឹងធ្វើការងារឱ្យលម្អិតបន្ថែមទៀតពាក់ព័ន្ធទៅនឹងភាពរីកចម្រើនលើវិស័យកសិកម្ម ពិសេសយើងអាចផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមកលើផ្នែកផ្សេងៗ ដើម្បីឈានទៅបម្រើឱ្យវិស័យកសិកម្មនេះតែម្ដង»។ ការបញ្ជាក់បន្ថែមរបស់ លោក ចាន់ សុវុឌ្ឍ ។
ក្នុងឱកាសនោះ តំណាងសាកលវិទ្យាល័យភ្នំពេញអន្ដរជាតិ និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម ព្រមទាំងវិទ្យាស្ថានកសិកម្មទាំងពីរខាងលើ បានបេ្ដជ្ញាខិតខំសហការគ្នា និងផ្ដល់អត្ថប្រយោជន៍ទៅវិញទៅមក ជាពិសេសនិស្សិតដែលកំពុងសិក្សានៅគ្រឹះស្ថានទាំងបួនសហការស្រាវជ្រាវ អនុវត្តបំពេញបន្ថែមនូវចំណេះដឹងផ្នែកធុរកិច្ចក្នុងវិស័យកសិកម្ម ដើម្បីរួមចំណែកដល់ការជំរុញការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា៕