(បាត់ដំបង)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ បានបន្តអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រ ដល់ខ្សែច្រវាក់ផលិតកម្ម​ លើដំណាំ​ ឬដំណាំហូបផ្លែ​ មួយចំនួន ដូចជា ស្វាយចន្ទី និងផលិតកម្មស្វាយចន្ទី, ទុរេន​ សាវម៉ាវ​ ដូង​ ស្វាយ​ ប័រ ចិញ្ចឹម​សត្វ​ និងដាំបន្លែ​ចំរុះ ក្នុងផ្ទះសំណាញ់​ និងនៅទីវាល។ ពិធីនេះធ្វើឡើងនៅសាលាស្រុកសំឡូត ខេត្តបាត់ដំបង។

លោកបណ្ឌិតបានផ្សព្វផ្សាយអំពីផែនការ​ និង​គោល​នយោបាយ​របស់រាជរដ្ឋាភិបាល​ ដែលចង់ក្លាយជា អធិរាជ​ស្វាយចន្ទី​ នាពេល​អនាគត និងបានស្វែងយល់ពីផលវិបាកផ្សេងៗ ដែលបងប្អូនកំពុងជួបប្រឈម ក្នុងការប្រកបផលរបរកសិកម្ម និងអនុញ្ញាតឱ្យលើកអំពីសំណូមពរ មកធនាគារ ARDB ។

លោកបណ្ឌិតបាន ណែនាំឱ្យបងប្អូនផ្លាស់ប្តូរផ្នត់គំនិត កែប្រែពីការធ្វើកសិកម្មចិញ្ចឹមឆ្នាំងបាយ ឱ្យក្លាយជាការធ្វើកសិកម្មបែបទំនើប ដែលមានលទ្ធភាពធ្វើការផ្គត់ផ្គង់ដល់ទីផ្សារបន្ថែម ពីលើការផ្គត់ផ្គង់ក្នុងគ្រួសារ។ 

លោកបានណែនាំដល់បងប្អូនកសិករ គួរចេះតាមដានតំលៃកសិផលនៅលើទីផ្សារ និងត្រូវចេះតាមដានព័ត៌មានព្យាករណ៍អាកាសធាតុ និង ត្រូវចេះជ្រើសរើសដំណាំដាំតាមរដូវកាល​ ដោយបងប្អូនអាចធ្វើការសិក្សារៀនសូត្របន្ថែម ជាពិសេសក្នុងបរិបទសម័យទំនើបនេះ បងប្អូនអាចរៀនបានតាមរយៈបណ្ដាញ​សង្គម​ និងយូធូប ​(Youtube) ជាដើម ដើម្បីទទួលបានចំណេះដឹងបន្ថែម។

លោកបានណែនាំឱ្យបងប្អូនចេះកែប្រែដំណាំ និងកែប្រែដី ដើម្បីឱ្យការដាំដុះទទួលបានទិន្នផលខ្ពស់ ហើយកុំទុកដីទំនេរចោល គួររកដំណាំប្រភេទណា ដែលអាចឱ្យយើងដាំដុះរយៈពេលខ្លី ប៉ុន្តែមានទីផ្សារ និងមានតម្រូវការ​ ដែលជួយ​កែប្រែដីកុំឱ្យខូច​ ឬអន់ថយគុណភាព។

លោកអគ្គនាយក បានណែនាំឱ្យបងប្អូនកែប្រែទម្លាប់ ពីការដាំដុះដំណាំតែមួយមុខ ឱ្យឆ្លៀតចញ្ចឹមសត្វបន្ថែម ដើម្បីទទួលបានចំណូលបន្ថែម និងបានលើកទឹកចិត្តដល់បងប្អូនចងក្រងគ្នា ជាសហគមន៍កសិកម្ម ឬបណ្តុំផលិតស្វាយចន្ទី​ ទុរេន​ និងដំណាំរួមផ្សំ​ផ្សេងៗទៀត ដោយត្រូវរៀបចំនូវ​ ផែនការណ៍ដាំដុះ, រៀបចំផែនការចិញ្ចឹម ផែនការប្រមូលផល ក៏ដូច​ជាផ្សារភ្ជាប់ជាមួយទីផ្សារ​ ដើម្បីមានលទ្ធភាពផ្គត់ផ្គង់តាមតម្រូវការទីផ្សារ​ ក្នុង​តម្លៃ​សមរម្យ​។ ការណ៍នេះសំខាន់ណាស់, បើបងប្អូនអាចធ្វើបាននោះបងប្អូនពិតជាទទួលបាន ផលចំណេញច្រើន និងមានចំណូលចូលគ្រួសារ។

លោកលើកទឹកចិត្តដល់បងប្អូន ក្នុងករណីបងប្អូន ​ប្រជាកសិករ​ ឬបណ្តុំផលិត ណាម្នាក់ចង់បានឥណទាន​ ដើម្បីពង្រីកការដាំដុះ ឬពង្រីកខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី បងប្អូនអាចស្នើសុំឥណទានពីធនាគារ​ ARDB​ បានក្នុង​អត្រា​ការប្រាក់​សមរម្យ​ និងអាចយកស្តុកគ្រាប់ស្វាយចន្ទីជាទ្រព្យធានា​ អាច​ទទួល​បាន​រហូតដល់​៧០%​ នៃតម្លៃ​គ្រាប់ស្វាយចន្ទីសរុប។

លោក​បណ្ឌិត​ក៏បានសំណូមពរដល់ប្រជាកសិករទាំអស់​ គួរសិក្សាពីបច្ចេកទេសឱ្យច្បាស់លាស់លើការដាំដុះ ការថែទាំ ដើម្បីបង្កើនការផលិត និងការកែច្នៃ ឲ្យស្របតាមសង់ដារចំណីអាហារ ដើម្បីលក់ទៅទីផ្សារផងដែរ​ នៅ​ពេល​ទទួល​បាន​ឥណទាន​ពីធនាគារ ARDB។

បន្ថែមលើនេះបណ្ឌិត កៅ ថាច ក៏បានអំពាវនាវផងដែរដល់បងប្អូនប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតជ្រើស តំាងតំណាងរាស្រ្ត នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នាកុំបីខាន៕