(ភ្នំពេញ)៖ លោក ឡៅ ទិព្ធសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានបញ្ជាក់ឲ្យដឹងថា រយៈពេល៥ខែ ឆ្នាំ២០២៣នេះ រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្ដល់លិខិតអនុញ្ញាត ឲ្យសាងសង់ចំនួន ១,៤៦៣គម្រោង ក្នុងទុនវិនិយោគ ជាង២,២៧០លានដុល្លារ កើនឡើង១៣៨ភាគរយ បើធៀបរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ឡៅ ទិព្ធសីហា អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាតុមូល ស្តីពី «ស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជា» ដែលរៀបចំឡើង ដោយរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ។
លោក ឡៅ ទិព្ធសីហា បានបញ្ជាក់យ៉ាងដូច្នេះថា «ពាក់ព័ន្ធជាមួយនឹងការងារផ្ដល់លិខិតអនុញ្ញាសាងសង់ ក្នុងក្របខណ្ឌទូទាំងប្រទេស ក្នុងរយៈពេល៥ខែ គឺក្រសួងផ្ដល់លិខិតអនុញ្ញាតឲ្យសាងសង់ចំនួន ១ ៤៦៣គម្រោង មានផ្ទៃក្រឡាជាង៥លានម៉ែត្រការ៉េ ហើយមានទុនវិនិយោគ ជាង ២ ២៧០លានដុល្លារ បើប្រៀបធៀបនឹងរយៈពេល៥ខែ ឆ្នាំ២០២២ កើនឡើង១៣៨.៥២%»។
មន្ដ្រីជាន់ខ្ពស់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា ការកើនឡើងនេះ ស្របជាមួយនឹងការវាយតម្លៃ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថា វិស័យសំណង់នឹងមានកំណើន។
លោក ឡៅ ទិព្ធសីហា បានឲ្យដឹងទៀតថា ពាក់ព័ន្ធជាមួយនឹងសំណង់អគារខ្ពស់ ចាប់ពី៥ជាន់ឡើងទៅ គឺមានចំនួន ២ ៥៨៦អគារ ក្នុងនោះ នៅរាជធានីភ្នំពេញ ចំនួន១ ៧១១អគារ ខេត្តព្រះសីហនុ ចំនួន ៦៩០អគារ នៅខេត្ដបន្ទាយមានជ័យចំនួន១៤២អគារ និងខេត្ដផ្សេងៗ ចំនួន៤៣អគារ។
ចំនួនអគារមានកម្ពស់ ចាប់ពី៥ជាន់ឡើងទៅ នៅទូទាំងប្រទេស មាន៖
* អគារចាប់ពី ៥ជាន់ទៅ៩ជាន់ មានចំនួន ១ ៤៦៣អគារ
* អគារចាប់ពី ១០ជាន់ទៅ១៩ មានចំនួន ៧០៥អគារ
* អគារចាប់ពី ២០ជាន់ទៅ២៩ មានចំនួន ២៣៤អគារ
* អគារចាប់ពី ៣០ជាន់ទៅ៣៩ មានចំនួន ១៣២អគារ
* អគារចាប់ពី ៤០ជាន់ឡើង មានចំនួន ៥២អគារ។
ដោយឡែក គម្រោងបុរីលំនៅឋាន និងបណ្ដុំលំនៅឋានមានលក្ខណៈជាបុរី មានចំនួន ៥៤៧គម្រោង។ សំណង់លំនៅឋានប្រភេទល្វែងមានចំនួន ៤០ ៩១៧ខ្នង។
បើតាមលោក ឡៅ ទិព្ធសីហា តាមទិន្នន័យជំរឿនប្រជារាស្ដ្រឆ្នាំ២០០៨ កម្ពុជានឹងមានប្រជាជនប្រមាណជាង ១៨លាននាក់ នៅឆ្នាំ២០៣០ នឹងមានតម្រូវការលំនៅឋានថ្មី ប្រមាណជាង១.១លានបន្ថែមទៀត។ ក្នុងនោះ សម្រាប់រាជធានីភ្នំពេញ ទីក្រុង និងទីប្រជុំជន មានតម្រូវការប្រមាណ ៨០ម៉ឺនលំនៅឋាន បើគិតជាមធ្យមមានតម្រូវការលំនៅឋាន ប្រមាណជាង ៥ម៉ឺនលំនៅឋានក្នុង១ឆ្នាំ៕