(ចិន)៖ ក្នុងដំណើរទស្សនកិច្ចជិត១សប្តាហ៍ ទៅកាន់ខេត្តក្វាងស៊ី ប្រទេសចិន ក្រុមអ្នកសារព័ត៌មានកម្ពុជា ៩ស្ថាប័ន ដែលក្នុងនោះមានតំណាងអង្គភាពព័ត៌មាន Fresh News ដែរនោះ បានទៅកាន់ដល់ក្រុងគុយលីង (Guilin) ខេត្តក្វាងស៊ី ប្រទេសចិន ដែលមានតំបន់ទេសចរណ៍ជាច្រើន។
នៅក្រុងនេះ មានសោភ័ណភាពស្រស់ស្អាត ជាពិសេសមានរមណីយ៍ដ្ឋានទេសចរណ៍ចំនួន៣ ដែលមានការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងនោះមានដូចជា រមណីយដ្ឋានភ្នំប្រមោយដំរី, ល្អាងភ្នំលូទីយានដ៏ស្រស់ស្អាត និងដងទន្លេលីជាំងដែលស្ថិតនៅក្នុងក្រដាសប្រាក់២០យ័ន្ត របស់ចិនផងដែរ។ មិនតែប៉ុណ្ណោះ ក្រុងនេះក៏មានផ្សាររាត្រីដ៏អូរអរក្លាយជាចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។
នៅរមណីយដ្ឋានភ្នំប្រមោយដំរី ក្រុមអ្នកសារព័ត៌មានកម្ពុជា ដឹកនាំដោយ លោក ផ្លុង វិចិត្រ អគ្គនាយកសារព័ត៌មាន The Commercial News និងជាអគ្គនាយកសារព័ត៌មាន CC-Times បានប្លែកអារម្មណ៍ជាមួយនឹងភ្នំមួយចំនួនដែលមានទម្រង់ដូចជាសត្វដំរីបឺតទឹក។ ចំណែកអំឡុងទស្សនា នៅល្អាងភ្នំលូទីយានវិញ ក្រុមអ្នកសារព័ត៌មាន រឹតតែកោតស្ញប់ស្ញែងជាមួយនឹងភាពច្នៃប្រឌិតដ៏ប៉ិនប្រសព្វរបស់ជនជាតិចិន ក្នុងការទាក់ទាញអារម្មណ៍របស់អ្នកទស្សនា ដែលហាក់ដូចជាទៅកាន់ពិភពមួយផ្សេង។ បន្ថែមពីនេះ ដងទន្លេលីជាំង ក្រុមអ្នកសារព័ត៌មានបានជិះកាណូតកម្សាន្តសប្តាហ៍ និងរីករាយជាមួយទេសភាពដ៏ល្អឯក ដងទន្លេអមដោយភ្នំជុំវិញស្អែកស្កះ។
សូមបញ្ជាក់ថា តំណាងអ្នកសារព័ត៌មានកម្ពុជា១៤នាក់ មកពី៩ស្ថាប័ន បានបំពេញទស្សនកិច្ច រយៈពេល៦ថ្ងៃ នៅខេត្តក្វាងស៊ី ប្រទេសចិន ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហការប្រតិបត្តិការរវាងអ្នកសារព័ត៌មានប្រទេសទាំងពីរ។
ទស្សនកិច្ចនេះធ្វើឡើង ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ដែលរៀបចំឡើងក្រោមកិច្ចសហការគ្នារវាងកាសែត The Commercial News និង Cambodia Guangxi Cloud ASEAN International Communication Station ដែលជាអង្គភាពចំណុះ Guangxi Daily៕