(ភ្នំពេញ)៖ លោក រស់ សាវី បានចងក្រងសៀវភៅមានចំណងជើងថា «វីរបុរសជាតិ នៃសន្តិភាព» ដោយមាន៣៥៤ ទំព័រ និង៤៨ មាតិកា ដែលនិយាយរលឹកអំពីប្រវត្តិដ៏ជូរចត់នៃការរំដោះប្រទេសឱ្យរួចផុតពីរណ្តៅមរណ:របស់ ប្រជាជនកម្ពុជាទាំងមូល នៅពេលនោះសូម្បីតែសិទ្ធិរស់រានក៏គ្មានផង។

លោក រស់ សាវី បានរៀបរាប់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា សៀវភៅនេះក៏បានរៀបរាប់អំពីការស្វែងរកសន្តិភាព និងបញ្ចប់សង្គ្រាមនៅកម្ពុជា ដោយស្នាដៃកូនខ្មែរសុទ្ធសាធ ការថែរក្សាការពារសន្តិភាពឱ្យបានស្ថិត ស្ថេរគង់វង្ស រួមជាមួយការអភិវឌ្ឍន៍ប្រទេស កំណើនសេដ្ឋកិច្ចជាតិ និងភាពសំបូរណ៍សប្បាយរបស់ប្រទេសជាតិក្នុងយុគ្គសម័យភាវូពាណិជ្ជកម្ម និងការដែលឱ្យតម្លៃទៅដល់សន្តិភាពពិតប្រាកដដែលកើតលើទឹកដីខ្មែរ ដ៏សែនកំសត់នេះនាចុងសតវត្សទី២០ និងដើមសតវត្សទី២១ សម្រាប់ជាពុទ្ធិក្នុងការស្រាវជ្រាវរបស់យុវជន និងអនុជនជំនាន់ក្រោយៗ បានយល់ដឹងពីប្រវត្តិសាស្ត្រពិតនៃការគ្រប់គ្រងដឹកនាំប្រទេសរបស់ «វីរបុរសជាតិ នៃសន្តិភាព» ក្នុងយុគ្គសម័យតេជោសែន។

លោកបានបញ្ជាក់ថា សម្រាប់ការនិពន្ធ រៀបរៀង ចងក្រងសៀវភៅនេះឡើងដោយបានកត់សម្គាល់ឃើញថា អ្នកនយោបាយខ្មែរ និងយុវជនខ្មែរមួយចំនួនដែលកំពុងតែរស់នៅដោយមានក្តីសុខលើទឹកដីកម្ពុជា ហាក់បីដូចជា ភ្លេចនូវទំព័រប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតរបស់កម្ពុជា ហើយភ្លេចក្រឡេក និងរំលឹកទៅមើលអតីតកាលដ៏ជូរចត់ដែលខ្លួនបានជួបប្រទះ និងឆ្លងកាត់នាពេលកន្លងមក។

ពួកគាត់ទាំងនោះភ្លេចគិតថា តើការរស់នៅដោយសុខសាន្ត និងការរីកចម្រើនរបស់សង្គម ជាតិខ្មែរមកដល់បច្ចុប្បន្ន បានកើតចេញមកអំពីមហាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ កត្តានយោបាយ និងការលះបង់អ្វីខ្លះរបស់ «វីរបុរសជាតិ នៃសន្តិភាព»?

លោកបានបន្ថែមថា៖ «ក្នុងន័យនេះហើយដែលខ្ញុំជាកូនខ្មែរមួយរូប បានខិតខំនិពន្ធ ស្រាវជ្រាវ ចងក្រងសៀវភៅ «វីរបុរសជាតិ នៃសន្តិភាព» នេះឡើង ដើម្បីរៀបរាប់អំពីប្រវត្តិនៃការតស៊ូដ៏ជូរចត់ផ្តើមចេញពីការយកអាយុជីវិត សាច់ស្រស់ ឈាមស្រស់ ព្រាត់ពីប្រពន្ធកូន ប្តូរយកមកវិញនូវសុខសន្តិភាពជូនប្រជាជនកម្ពុជាទាំងមូល ហើយនេះក៏មិនមែនជារឿងសាមញ្ញពេកនោះដែរ និងមិនមែនបុគ្គលណាចេះតែធ្វើបានដូចសម្តេចតេជោ ហ៊ុន សែន នោះដែរ។ ការនិពន្ធ រៀបរៀងចងក្រងសៀវភៅនេះឡើង គឺដើម្បីរំលឹកជូនដល់ប្រជាពលរដ្ឋខ្មែរគ្រប់ជាន់ថ្នាក់ គ្រប់ជំនាន់ និងយុវជនជំនាន់ក្រោយៗឱ្យបានដឹង ចងចាំ ហើយមិនត្រូវបំភ្លេចនូវមហាប្រវត្តិសាស្ត្រដ៏រន្ធត់របស់កម្ពុជានោះឡើយ កុំឱ្យវិលត្រឡប់មកដើរជាន់ដានចាស់របស់ប្រវត្តិសាស្ត្រដែលធ្វើឱ្យកម្ពុជា និងប្រជាជនកម្ពុជារងទុក្ខវេទនា ព្រាត់ប្រាស់ និរាសក្រុមគ្រួសារ ផ្ទះសម្បែង ប្រទេសជាតិមាតុភូមិ ដូចក្នុងអតីតកាលទៀត»

គោលបំណង នៃការរៀបរៀងសៀវភៅនេះឡើង គឺសម្រាប់ជាការសិក្សា និងតម្កល់ទុកជាប្រវត្តិសាស្រ្តនូវកេរដំណែល នូវមរតក ដ៏អស្ចារ្យរបស់ «វីរបុរសជាតិ នៃសន្តិភាព» គឺសម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់ ទាំងពេលវេលា និងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីជាតិ និងប្រជាជនកម្ពុជាផងដែរព្រោះសម្តេច ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា គឺជាអ្នកសង្រ្គោះជីវិតប្រជាជនទូទាំងប្រទេស ជាអ្នករំដោះសិទ្ធិសេរីភាព ប្រជាជនពីរបបស្រេកឈាម ប្រល័យពូជសាសន៍ ប៉ុល ពត ជាអ្នកសង្រ្គោះរបបរាជានិយមដែលរបបសាធារណរដ្ឋខ្មែររបស់ លោក លន់ នល់ និងរបបកម្ពុជាប្រជាធិបតេយ្យរបស់ ប៉ុល ពត បានរំលាយចោលអស់ពេលជាង ២០ឆ្នាំមកហើយ ឱ្យរស់ឡើងវិញរហូតសព្វថ្ងៃ។

សម្តេច ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា គឺជាអ្នកសង្រ្គោះ ឬប្រោះអ្វីៗគ្រប់យ៉ាង សូម្បីលទ្ធិប្រជាធិបតេយ្យឱ្យមានជីវិត និង ស្រស់បំព្រងឡើងវិញ។ មានន័យថា គ្មានសម្តេច ហ៊ុន សែន គ្មានគណបក្សប្រជាជនកម្ពុជា គឺគ្មានសន្តិភាព ហើយប្រសិនបើគ្មានសន្តិភាព កុំនិយាយឡើយពីលទ្ធិប្រជាធិបតេយ្យ បើគ្មានសន្តិភាព កុំនិយាយឡើយពីសិទ្ធិសេរីភាព បើគ្មានសន្តិភាព កុំនិយាយឡើយពីការអភិវឌ្ឍ បើគ្មានសន្តិភាព កុំនិយាយឡើយ ពីអ្វីៗគ្រប់យ៉ាង៕