(សៀមរាប)៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ កម្ពុជា និងចិន រៀបចំកម្មវិធីរួមគ្នាថែរក្សាបរិស្ថានអេកូទេសចរណ៍ នៅស្រុកបន្ទាយស្រី ក្នុងខេត្តសៀមរាប។ កម្មវិធីដែរ មានការចូលរួមពីលោក លីវ ជឺជា អគ្គកុងស៊ុលស្ថានទូតចិនប្រចាំខេត្តសៀមរាប លោកបណ្ឌិត ជា មុនីឫទ្ធិ ជំនួយការផ្ទាល់សម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា លោក រិន ឡូត អភិបាលស្រុកបន្ទាយស្រី និងលោកស្រី យ៉ាង លីហ័រ តំណាងអង្គការអ៊ុនឌីនៃប្រទេសចិន។
លោកស្រី យ៉ាង លីហ័រ (YANG LIHUA) តំណាងអង្គការអ៊ុនឌី(YUNDI) បានលើកឡើងថា ស្រុកបន្ទាយស្រី គឺជាគោលដៅដ៏សំខាន់មួយរបស់បណ្តាសង្គមស៊ីវិលនានា នៃខេត្តយូណាន ប្រទេសចិន ក្នុងការចូលរួមនឹងចរន្តអភិវឌ្ឍជាមួយរដ្ឋបាលស្រុកបន្ទាយស្រី ហើយការអនុវត្តគម្រោងនឹងបង្កើនសម្រស់បរិស្ថាននៅក្នុងស្រុកបន្ទាយស្រីឲ្យស្រស់ស្អាតបន្ងែមទៀត ហើយក៏ជាកម្លាំងសាមគ្គីរួមគ្នារវាងសមាគមមិត្តភាពខេត្តយូណាន ជាមួយបរទេស អង្គការYUNDI ក្រោមការគាំទ្រពីរដ្ឋបាលស្រុកបន្ទាយស្រី និងស្ថានអគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាបផងដែរ។
លោកស្រីបានបន្តថា ចាប់តាំងពីឆ្នាំ២០១៩មក តាមរយៈលោក ងន ប៊ុនធី អភិបាលរងស្រុកបន្ទាយស្រី សង្គមស៊ីវិលចិននានា បានចូលរួមអនុវត្តនូវគម្រោងមួយចំនួនដូចជា គម្រោងពិនិត្យសុខភាពកុមារ មានដូចជា៖ ពិនិត្យជំងឺបេះដូងចំហ គម្រោងជីកស្រះទឹក គម្រោងកែលម្អជីវភាពរស់នៅ គម្រោងប្រើប្រាស់ចង្ក្រានសន្សំថាមពល គម្រោងផ្ទះបាយរបស់សិស្សនៅសាលាបឋមសិក្សា គម្រោងចែកកាបូប និងសម្ភារៈសិក្សា និងគម្រោងអំពូលអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យជាដើម។
ទន្ទឹមនឹងនោះដែរ លោក លីវ ជឺជា (Liu Zhijie) អគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប បានលើកដែរថា ប្រទេសចិន និងកម្ពុជា គឺជាមិត្តដែកថែប និងរួមគ្នាក្នុងកិច្ចកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ ហើយឆ្នាំនេះ គឺជាខួបលើកទី៦៥ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងជាឆ្នាំមិត្តភាពចិន-កម្ពុជា ដូច្នេះក្នុងឱកាសដ៏ថ្លៃថ្លានេះ តាមរយៈស្ថានអគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប សង្គមស៊ីវិលនានារបស់ខេត្តយូណាន បានផ្តល់អំណោយជាធុងសំរាមសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនៅតាមរដ្ឋបាលឃុំ និងផ្ទះប្រជាជន ព្រមទាំងបានផ្តល់នូវសម្លៀកបំពាក់ កាបូបបរិស្ថាន កែវទឹក អំពូលលើតុប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ជូនដល់ក្រុមការងារយុវជន ដែលមានភក្តីភាពក្នុងការចូលរួមលើកកម្ពស់បរិស្ថាន នៅក្នុងស្រុកបន្ទាយស្រី។
លោកបន្តថា ស្ថានអគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប នឹងបន្តលើកទឹកចិត្តដល់សប្បុរសជន និងសង្គមស៊ីវិលនានារបស់ប្រទេសចិន ឱ្យចូលរួមគាំទ្រដល់កិច្ចអភិវឌ្ឍក្នុងស្រុកបន្ទាយស្រីបន្ថែមទៀត។
លោក រិន ឡូត អភិបាលស្រុកបន្ទាយស្រី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចគាំទ្ររបស់ស្ថានអគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប ដែលជានិច្ចកាលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា លើការអភិវឌ្ឍនៅក្នុងស្រុកបន្ទាយស្រី ដោយផ្តោតជាសំខាន់លើការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ការបង្កើនសម្រស់បរិស្ថាន និងការចូលរួមបំពេញបានតាមតម្រូវការជាក់ស្តែងរបស់ប្រជាជននៅក្នុងស្រុកបន្ទាយស្រី ហើយបាននាំយកនូវអំណោយរបស់ដៃគូសង្គមស៊ីវិលនានានៃខេត្តយូណាន ដើម្បីរួមគ្នាអភិវឌ្ឍស្រុកបន្ទាយស្រីផងដែរ។
លោកបន្តទៀតថា កម្មវិធីថ្ងៃនេះ គឺជាសក្ខីភាពថ្មីបន្ថែមទៀតដល់កិច្ចសហការរវាងសង្គមស៊ីវិលនៃប្រទេសយើងទាំងពីរ កម្ពុជា-ចិន ក្នុងការចូលរួមបង្កើនកម្លាំងដល់កិច្ចអភិវឌ្ឍនៅក្នុងស្រុកបន្ទាយស្រី ដោយផ្តោតលើការងារបរិស្ថានអេកូទេសចរណ៍។
ក្នុងឱកាសនោះដែរ ក្រោយបញ្ចប់កម្មវិធី គណៈប្រតិភូចិនបានទៅបំពេញទស្សនកិច្ចឈ្វេងយល់ពីសកម្មភាពអប់រំបរិស្ថាន នៅក្នុងសាលាបឋមសិក្សាខ្នារសណ្តាយ ក្នុងឃុំខ្នារសណ្តាយ និងការលើកកម្ពស់សោភ័ណភាពបរិស្ថាន នៅតាមផ្ទះប្រជាជន ក្នុងឃុំព្រះដាក់ផងដែរ៕