(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់សន្និបាតបូកសរុបការងារទេសចរណ៍ ក្រសួងទេសចរណ៍បានរៀបចំពិធីជួបជុំអាហារសាមគ្គី «រាត្រីគ្រួសារទេសចរណ៍» អបអរសាទសន្និបាតការងារទេសចរណ៍ឆ្នាំ២០២៣ នៅរាត្រីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខា ដែលមានអ្នកចូលរួមប្រមាណ១០០០នាក់ រួមមាន មន្ត្រីរាជការក្រសួងទេសចរណ៍ ក្រសួង/ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងនិវត្តជននៃទេសចរណ៍ផងដែរ។

លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ បានថ្លែងក្នុងពិធីបើកដោយសង្កត់ធ្ងន់ទៅលើប្រវត្តិនៃការចាប់កំណើតឡើងវិញនៃវិស័យទេសចរណ៍ ពីបាតដៃទទេដោយបានឆ្លងកាត់សង្គ្រាម គ្រោះមហន្តរាយ អស្ថិរភាពនយោបាយ និងវិបត្តិនានា គ្រោះធម្មជាតិ ជំងឺឆ្លងកូវីដ-១៩ជាដើម។ ប៉ុន្តែវិស័យទេសចរណ៍នៅតែមានភាពធន់ និងបន្តរីកចម្រើន ក្រោមម្លប់សន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាប្រមុខដឹកនាំ។

អង្គពិធីទាំងមូលបានសម្ដែងនូវការអរគុណយ៉ាងជ្រៀលជ្រៅចំពោះរាជរដ្ឋាភិបាល ដែលបានដឹកនាំប្រទេសឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍ ក្នុងនោះវិស័យទេសចរណ៍មានការរីកចម្រើនឥតឈប់ឈរ។

ក្នុងពិធីជួបជុំនេះក៏បានរំលឹកអំពីប្រវត្តិ និងបេសកកម្មការងារដ៏ឧត្តុង្គឧត្តមបម្រើជាតិមាតុភូមិនៃមន្ត្រីទេសចរណ៍ និងអ្នកពាក់ព័ន្ឋទាំងអស់រួមមាន អតីតមន្ត្រីទេសចរណ៍ អ្នកចូលនិវត្តន៍ និងការគោរពវិញ្ញាណក្ខន្ធអតីតមន្ត្រីដែលបានលាចាកលោកផងដែរ។

លោក ទិត ចន្ថា ជាមន្ត្រីម្នាក់ក្នុងចំណោមមន្ត្រីទេសចរណ៍នានាដែលបានបំពេញការងារទេសចរណ៍ ចាប់តាំងពីថ្ងៃដំបូងនៃការបង្កើតស្ថាប័នទេសចរណ៍ជាតិ (អគ្គនាយកដ្ឋានទេសចរណ៍) បាននិងកំពុងបំពេញបេសកកម្មជាតិជាង៣៣ឆ្នាំជាមួយថ្នាក់ដឹកនាំ សមាជិកនៃគ្រួសារទេសចរណ៍។

អង្គពិធីក៏បានសម្ដែងការអបអរសាទ និងអំណរគុណជាអនេកជូនលោក ថោង ខុន រដ្ឋមន្តី ក្រសួងទេសចរណ៍ ដែលបាននិងកំពុងបំពេញបេសកកម្មជាតិដ៏ឧត្តុង្គឧត្តមទាំងវិស័យទេសចរណ៍ និងវិស័យផ្សេងៗប្រកបដោយគុណធម៌ ការទទួលខុសត្រូវ និងសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់។

កម្មពិធីក៏មានការជូនផ្កាពរជ័យជាអនុស្សាវរីយ៍ ពិសាអាហារសាមគ្គី ការប្រគុំតន្ត្រី ការជួបជុំរាំកម្សាន្ត ប្រកបដោយបរិយាកាសរីករាយ មិត្តភាព សាមគ្គីភាព និងការចងចាំអនុស្សាវរីយ៍ក្នុង «រាត្រីនៃគ្រួសារទេសចរណ៍»៕