(បាត់ដំបង)៖ លោក ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង បានទទូចឲ្យក្រុមយុវជនទាំងអស់រួមគ្នាទប់ស្កាត់បញ្ហាគ្រឿងញៀន បងតូចបងធំនៅតាមមូលដ្ឋាន ហើយត្រូវចូលរួមកសាងសង្គមជាតិ ក្រោមដំបូលសន្តិភាពរបស់រាជរដ្ឋាភិបាល ដើម្បីបន្តដឹកនាំកាន់រីកចំរើនខ្លាំងឡើងថែមទៀត។
ការលើកឡើងនេះ ខណៈលោកបានចូលរួមជាគណៈអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំសមាជិក សមាជិកា ក្នុងរចនាសម្ព័ន្ធសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកគាស់ក្រឡ ចំនួន២៥៧នាក់ ក្នុងបរិវេណសាលា ស្រុកគាស់ក្រឡ នាពេលព្រឹក និងពេលរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ នៅស្រុកសង្កែចំនួន៥២០នាក់ សរុប៧៧៧នាក់។
នៅក្នុងពិធីនោះ លោក ស រដ្ឋា បានពាំនាំការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក ស សុខា អនុសហភាពសហព័ន្ធយុវជនកម្ពុជាទទួលបន្ទុក ៣ខេត្ត និងបានលើកឡើងពីសមិទ្ធផលរបស់ ស.ស.យ.ក.ខេត្ត រយៈពេល៧ឆ្នាំ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិរយៈកាលកន្លងទៅនេះ។
លោកក៏បានថ្លែងអំណរគុណដល់សមាជិក សមាជិកា គ្រួសារ ស.ស.យ.ក.ខេត្ត គ្រប់លំដាប់ថ្នាក់ ដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា ថវិកា សំភារៈ និងសាមគ្គីគ្នាជាថ្លុងមួយ ជាខ្មែរតែមួយ ទើបស.ស.យ.ក.ខេត្ត អាចសម្រេចបាននូវសមិទ្ធផលជាច្រើនកន្លងមកនេះ និងសំណូមពរដល់សមាជិក សមាជិកាបន្តការចូលរួមជាមួយ ស.ស.យ.ក.ខេត្ត ក៏ដូចជារដ្ឋបាលខេត្ត ក្រុង ស្រុក ក្នុងការអភិវឌ្ឍជាតិ មាតុភូមិរបស់យើង និងបានសំណូមពរ ឱ្យបងប្អូនដែលគ្រប់អាយុបោះឆ្នោតទៅបោះឆ្នោតឲ្យបានគ្រប់គ្នា និងជំរុញក្រុមគ្រួសារ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឲ្យទៅបោះឆ្នោតដើម្បីទទួលបាននូវសន្តិភាព និងការអភិវឌ្ឍបន្តទៀត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះកុំខាន និងគ្រប់ៗគ្នា។
ក្នុងឱកាសនោះ សមាជិក សមាជិកាទាំង៧៧៧នាក់ ដែលចូលរួមកម្មវិធីនាឱកាសនោះ ទទួលបានថវិកាមួយចំនួន ដែលជាប្រាក់ឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវផងដែរ៕