(កណ្ដាល)៖ សាលាធម្មសភាថ្មីក្នុងវត្តស្វាយជ្រុំតម្លៃ ស្ថិតក្នុងក្រុងអរិយក្សត្រតម្លៃ ១,២៥០,០០០ដុល្លារ និងសមិទ្ធផលនានាជាច្រើនស្កេកស្កះផ្សេងទៀតសរុប ៦,៤០៨,៨៥៥ដុល្លារ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ហើយក្រោមម្លប់សន្តិភាព។
ពិធីនេះធ្វើឡើងនាពេលថ្មីៗនេះ ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកដ៏ជ្រាលជ្រៅពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះអាជ្ញាធរ និង កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្រុងអរិយក្សត្រ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់នៅទូទាំងខេត្តកណ្តាល។
អគ្គបណ្ឌិតសភាចារ្យ បានលើកឡើងថា ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា បាននិងកំពុងបន្តឈានឡើងជាលំដាប់ឥតឈប់ឈរនៅលើមាគ៌ាដ៏ត្រឹមត្រូវ និងប្រកបដោយក្ដីសង្ឃឹម។ មនុញ្ញផលនៃការអភិវឌ្ឍ ដែលយើងទាំងអស់គ្នា កំពុងតែក្រេបជញ្ជក់សព្វថ្ងៃនេះកើតចេញពីការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបាននាំមកជូនប្រទេស និងប្រជាជាតិយើង នូវសុខសន្តិភាពពេញផ្ទៃប្រទេស និងបន្តដឹកនាំអភិវឌ្ឍប្រទេសចេញពីបាតដៃទទេ រហូតសម្រេចបាននូវសមិទ្ធផលជាច្រើនឥតគណនាដូចបច្ចុប្បន្ន។
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ស្នើឱ្យរដ្ឋបាលខេត្ត ក្រុមការងាររាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ គណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ រដ្ឋបាលស្រុកកៀនស្វាយ និងអាជ្ញាធរមូលដ្ឋាន បន្តយកចិត្តទុកដាក់លើការងារ សំខាន់ៗមួយចំនួនដែលបានដាក់ចេញ ដោយត្រូវបំពេញការងារទាំងនោះឲ្យបានល្អ ចេញជាលទ្ធផលផ្លែផ្កាសមប្រកប។
ជាមួយគ្នានេះ ព្រះឃោសធម្មបណ្ឌិត លន់ សុគន្ធា ព្រះរាជាគណៈថ្នាក់ទោ ព្រះវិន័យធម្មគណខេត្តកណ្ដាល ព្រះអនុគណស្រុកខ្សាច់កណ្ដាល និងជាព្រះចៅអធិការវត្តស្វាយជ្រុំ បានមានសង្ឃដីកាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជាទីបំផុតដល់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន ព្រមទាំងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងសប្បុរសជននានាជាច្រើនផ្សេងទៀត ដែលបានជួយ កសាងសមិទ្ធផលនានាជាច្រើនក្នុងវត្ត ខណៈដែលសមិទ្ធផលនានាជាច្រើនបានចេញជារូបរាងឡើង។
ព្រះអង្គមានសង្ឃដីកាទៀតថា នៅមានគម្រោងបង្កើតសាលារៀ នៅក្នុងដីប៉ែកខាងលិចរបងវត្តផងដែរ ដែលមានដីទំហំសរុ ប៣ហិកតា ដើម្បីសិស្សានុសិស្សបានចូលរៀនសូត្រ និងបង្កើតសមិទ្ធផលផ្សេងៗទៀតទុកជាផល ប្រយោជន៍សម្រាប់សាធារជន ដោយស្នើសុំសម្ដេចតេជោ ហ៊ុន សែន មេត្តាជួយជ្រោមជ្រែមចំពោះកិច្ចការនេះផង៕