(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានថ្លែងថា កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ បានក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ដំណើរការនៃការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។

លោកថ្លែងបែបនេះ ក្នុងពិធីប្រកាសសមាសភាព និងសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី នៅថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ បានក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ដំណើរការនៃការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ រួមទាំងខេត្តរតនគិរីផ្ទាល់ ដែលបានប្រែក្លាយពីខេត្តដាច់ស្រយាល មកជាខេត្តដែលកំពុងខិតកៀកជិតទៅនឹងបណ្តាខេត្តដទៃនានាទូទាំងប្រទេស តាមរយៈការធ្វើពិពិធកម្មលើគ្រប់វិស័យ។ ជាក់ស្តែង ការកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដ៏សម្បូរបែប បានធ្វើឱ្យសកម្មភាពសេដ្ឋកិច្ច-សង្គម នៅក្នុងខេត្តនេះ កាន់តែមានភាពរស់រវើក ហើយក៏បានបើកឱកាសរីកចម្រើនផ្នែកជីវភាពដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន រួមទាំងបងប្អូនប្រជាពលរដ្ឋគ្រប់ជនជាតិ នៅក្នុងខេត្តរតនគិរី ទាំងក្នុងពេលបច្ចុប្បន្ន និងតកូនចៅជាច្រើនជំនាន់ទៅមុខទៀត»

បើតាមលោកបណ្ឌិត វឌ្ឍនភាពនេះ មិនមែនកើតទ្បើងដោយចៃដន្យនោះទេ ប៉ុន្តែជាសមិទ្ធផលនៃចក្ខុវិស័យ និងគោលជំហររឹងមាំក្នុងបុព្វហេតុឥតប្រែប្រួលរបស់គណបក្សប្រជាជនកម្ពុជា គឺការបម្រើជាតិ និងប្រជាជន ដែលត្រូវបានកំណត់ជាគោលនយោបាយអាទិភាពចម្បងបំផុត ចាប់តាំងពីថ្ងៃកំណើតបក្ស បន្តរហូតមកដល់បច្ចុប្បន្ន។ ជាក់ស្តែង គោលនយោបាយឈ្នះ-ឈ្នះ ក្រោមការដឹកនាំផ្ទាល់របស់ សម្តេចតេជោ រួមជាមួយនឹងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានបញ្ចប់ទាំងស្រុងនូវសង្គ្រាម និងជម្លោះបែកបាក់ផ្ទៃក្នុង ដោយនាំមកនូវសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស ដែលមិនធ្លាប់មានឡើយក្នុងប្រវត្តិសាស្រ្តជាង ៥០០ឆ្នាំ របស់កម្ពុជា។

លើសពីនេះ លោកបន្តថា នៅក្នុងគ្រប់ដំណាក់កាលទាំងអស់នៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងរយៈកាលកន្លងមកនេះ គឺ សម្តេចតេជោ, ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា របស់គណបក្សប្រជាជនកម្ពុជា ក៏បានតម្កល់ការសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋ ជាកត្តាអាទិភាពចម្បងបំផុតដោយក្នុងនេះ សម្តេចតេជោ បានធ្វើការវាយតម្លៃសភាពការណ៍ច្បាស់លាស់ និងហ៊ានធ្វើការអារកាត់សម្រេចចិត្តបានត្រឹមត្រូវ និងទាន់ពេលវេលា ទាំងតាមរយៈការបង្ការការពារ, ការព្យាបាល, ការចាក់វ៉ាក់សាំង និងការជួយឧបត្ថម្ភទំនុកបម្រុងដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រហូតឈានដល់ការបើកដំណើរការប្រទេសជាប្រក្រតី និងមានលំនឹងស្ថិរភាពទ្បើងវិញ ដូចសព្វថ្ងៃនេះ។

លោក ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ពិតណាស់, សមិទ្ធផលនានារបស់គណបក្សប្រជាជនកម្ពុជាក្នុងរយៈកាលប្រមាណ ៤៤ ឆ្នាំ កន្លងមកនេះ គឺកើតឡើងពីបុព្វហេតុដ៏ត្រឹមត្រូវ និងកម្មវិធីនយោបាយច្បាស់លាស់របស់គណបក្ស ដែលត្រូវបានប្រែក្លាយជាគោលនយោបាយរបស់រាជរដ្ឋាភិបាល នៅរៀងរាល់អាណត្តិនយោបាយ បន្ទាប់ពីជ័យជម្នះក្នុងការបោះឆ្នោត។ មួយវិញទៀត គោលនយោបាយទាំងនេះ ក៏ត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាព និងប្រសិទ្ធផល ដោយមានការចូលរួមយ៉ាងសកម្មពីសំណាក់គ្រប់យន្តការ និងតួអង្គពាក់ព័ន្ធ ជាពិសេសសកម្មជនយុវជនគណបក្សគ្រប់រូប ដែលជាកម្លាំងស្នូលដ៏មោះមុត៕