(ភ្នំពេញ)៖ បណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានលើកឡើងថា ដើម្បីឲ្យវិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា​ មានស្ថានភាពល្អឡើងវិញ គឺត្រូវការចាំបាច់ នូវស្ថេរភាពនយោបាយ អប់រំល្អ សុខាភិបាលល្អ បរិស្ថានល្អ និងច្បាប់រឹងមាំ ក្នុងការទាក់ទាញអ្នកវិនិយោគ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល បណ្ឌិត សុខ ទូច អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាតុមូល ស្តីពី «ស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជា» ដែលរៀបចំឡើង ដោយរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ។

ថ្លែងក្នុងកិច្ចពិភាក្សាតុមូលនេះ បណ្ឌិត សុខ ទូច បានលើកឡើងនូវចំណុចចំនួន៥ ដើម្បីធ្វើយ៉ាងម្ដេច ឲ្យស្ថានភាពវិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា មានភាពល្អប្រសើរ រួមមាន៖

* ទី១៖ «ស្ថេរភាពនយោបាយ» គ្មានសេ្ថរភាពនយោបាយ ចង់មានអ្វីក៏ត្រូវរលាយដែរ។ ភាពនយោបាយ គឺត្រូវការចាំបាច់។
* ទី២៖ «វិស័យអប់រំ» ហេតុអ្វី បានជានៅអូស្ដ្រាលី និងសិង្ហបុរី តម្លៃដីនៅតែថ្លៃ ព្រោះគេបានបញ្ជូនកូនទៅរៀននៅទីនោះ ហើយបើសិនជាកម្ពុជា រៀបចំវិស័យអប់រំខ្លាំង គេនឹងមករៀននៅស្រុកខ្មែរ។
* ទី៣៖ «វិស័យសុខាភិបាល» ត្រូវមានវិស័យសុខាភិបាលខ្លាំង ដោយកុំឈឺអីឡើងយន្ដហោះ ទៅព្យាបាលនៅប្រទេសក្រៅ។
* ទី៤៖ «បរិស្ថានល្អ» ត្រូវទទួលយកការពិតទាំងអស់គ្នា ហើយបើសិនជាយើងមិនទទួលទេ គឺជាការពិបាកបំផុតសម្រាប់ ការលក់អចលនទ្រព្យ ពាក់ព័ន្ធនឹងបរិស្ថាន។ កាលណាមនុស្សកាន់តែមានលុយ គឺគេត្រូវការទីកន្លែងណា ដែលមានបរិស្ថានល្អ។
* ទី៥៖ «ច្បាប់» ច្បាប់កុំអនុវត្ដតែមាត់ គឺច្បាប់ត្រូវតែមានភាពរឹងមាំ ដើម្បីទាក់ទាញអ្នកវិនិយោគ។ កាលណាមានច្បាប់ គឺគេគោរពច្បាប់៕