(បាត់ដំបង)៖ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា តំបន់ប្រើប្រាស់សំឡូតគឺជាព្រៃសម្បូរទៅដោយជីវចម្រុះដែលចាំបាច់ត្រូវយកចិត្តទុកដាក់ការពារ ទប់ស្កាត់ ហើយធ្វើយ៉ាងណាកុំឱ្យអន្ទាក់ចូលមក ក្នុងតំបន់ព្រៃរបស់យើង។

ការលើកឡើងបែបនេះរបស់លោក នេត្រ ភក្ត្រា បានធ្វើឡើងនាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពិធីបើក និងបិទយុទ្ធនាការអន្ទាក់សូន្យក្នុងដំណាក់កាលទី២ ដែលបានរៀបចំឡើងនាខេត្តបាត់ដំបង។

លោក នេត្រ ភក្រ្តា បានថ្លែងថា ក្រៅពីនេះយើងក៏ទប់ស្កាត់មិនឱមានការទន្រ្ទានកាន់កាប់ដីព្រៃខុសច្បាប់ដែលធ្វើឱ្យប៉ះពាល់ដល់ជម្រកសត្វដំរី និងជីវៈចម្រុះផ្សេងៗទៀតដែរ។

លោក នេត្រ ភក្រ្តា បានឱ្យដឹងថា «បងប្អូនប្រាកដជាបានដឹងហើយថាតំបន់ប្រើប្រាស់សំឡូតដែលក្រសួងបរិស្ថានបានគ្រប់គ្រងមានមន្រ្តីឧទ្យានុរក្សចូលរួម និងក្រៅពីនេះយើងក៏មានការចូលរួមពីសំណាក់ លោកស្រី អេន ជីណាចូលី ដែលជាតារាហូលីវូដ ដ៏ល្បីឈ្មោះរបស់ពិភពលោកផងដែរ។ នេះក៏ជាកិត្តិយសដែលជនល្បីឈ្មោះម្នាក់ដែលមកចូលរួមអភិរក្សព្រៃធនធានធម្មជាតិរបស់យើង។

គាត់ស្រឡាញ់ព្រៃសំឡូតណាស់ គាត់បានដាក់ថវិការរបស់គាត់ចូលរួម គឺដើម្បីអ្វី គឺដើម្បីផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ នៅសំឡូត នៅប៉ៃលិន និយាយដោយឡែក និងនិយាយជារួមរបស់បងប្អូនប្រជាពលរដ្ឋនៅខេត្តប៉ៃលិន និងបាត់ដំបង ហើយនិងប្រទេសកម្ពុជាទាំងមូល។ ខេត្តបាត់ដំបងនិងប៉ៃលិន ជាទិសដៅទេសចរណ៍ដ៏សំខាន់ ក្រៅពីមានប្រាសាទ មានអគារពីសម័យរាណក៏ដូចជាទីកន្លែងប្រវត្តិសាស្រ្ត»

អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា «ការការពារ និងអភិរក្សរបស់យើងកន្លងមកល្អប្រសើរ។យើងមិនចង់ឱ្យមានព្រៃហើយអត់មានសត្វនោះទេ ហើយមានសត្វហើយមិនត្រឹមមានតួនាទីជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីទេ វាក៏ជាផ្នែកមួយសម្រាប់ទាក់ទាញភ្ញៀវទេសចរទៀតផង»

ដោយឡែកបើតាម ផេង សិទ្ធី អភិលរងខេត្តបាត់ដំបង បានថ្លែងថា អាជ្ញាធរប្តេជ្ញាចូលរួមលុបលំបាត់នូវការដាក់អន្ទាក់ ដែលជាការបំផ្លាញសត្វព្រៃដ៏មានតម្លៃសម្រាប់ទឹកដីខេត្តបាត់ដំបង។ ជាមួយគ្នាក្នុងព្រៃខេត្តបាត់ដំបងត្រូវតែអស់អន្ទាក់ ព្រមជាមួយគ្នានៅតាមភោជនីយដ្ឋានមិនត្រូវមានការលក់មុខម្ហូបធ្វើពីសត្វព្រៃផងដែរ។

លោកបានអំពាវនាវឱ្យពលរដ្ឋមួយចំនួនដែលកាប់ទន្រ្ទានដីលិចទឹក ទន្រ្ទានដីធនធានធម្មជាតិ និងព្រមជាមួយគ្នាអ្នកដាក់អន្ទាក់សត្វព្រៃត្រូវបញ្ឈប់ សម្លាប់សត្វព្រៃ បើពុំនោះទេពួកគេនឹងប្រឈមផ្លូវច្បាប់ជាក់ជាពុំខាន។

ងួនលីណា អភិលរងខេត្តប៉ៃលិន បានថ្លែងថា យុទ្ធនាការអន្ទាក់សូន្យបានផ្តល់នូវសារៈប្រយោជន៍យ៉ាងសំខាន់ក្នុងការទប់ស្កាត់ការសម្លាប់សត្វព្រៃ។ ខេត្តប៉ៃលិននឹងសហការជាមួយមន្រ្តីពាក់ព័ន្ធក្នុងបទល្មើសដូចជាការទន្ទ្រានដី ការដាក់អន្ទាក់សម្លាប់សត្វព្រៃ ក៏ដូចជាការជួញដូរសត្វព្រៃ។

លោក គង់ មុនីច័ន្ទ នាយកមូលនិធិ MJP ប្រចាំនៅកម្ពុជា បានចង្អុលបង្ហាញថា៖ «ការអភិរក្សនិងការពារសត្វព្រៃ គឺជានិន្នាការរួមនៃពិភពលោក។ បទពិសោធន៍នៅប្រទេសជាច្រើនបានបញ្ជាក់ឱ្យឃើញថា ការអភិរក្សសត្វព្រៃបានផ្តល់មកវិញនូវផលប្រយោជន៍សេដ្ឋកិច្ច សហគមន៍ និងប្រទេសទាំងមូល»។

លោកថា ការសិក្សាថ្មីៗនេះ បានបញ្ជាក់ឱ្យដឹងថា នៅមានសត្វព្រៃជាច្រើនប្រភេទ កំពុងរស់នៅក្នុងតំបន់ព្រៃនានា នៃប្រទេសកម្ពុជាក្នុងនោះរួមមានទាំងប្រភេទសត្វព្រៃកម្រ និងជិតផុតពូជផងដែរ។ ការបញ្ឈប់នូវការបរបាញ់ដាក់អន្ទាក់ចាប់សត្វព្រៃ និងប្តូរមកជាការជួយការពារសត្វព្រៃ គឺជាជម្រើសមួយដ៏ត្រឹមត្រូវសម្រាប់កម្ពុជា។ យុទ្ធនាការអន្ទាក់សូន្យ គឺជាសំឡេងដាស់តឿនដ៏ប្រសើរ និងទាន់ពេលវេលា ក្នុងការជួយប្តូរទស្សនាទាន ប្រជាពលរដ្ឋកម្ពុជាទាំងអស់ឱ្យងាកមកចូលរួមសង្គ្រោះ និងអភិរក្សសត្វព្រៃ ដ៏កម្រនិងមានតម្លៃ នៃប្រទេសយើង។

គួរបញ្ជាក់ថា យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២បានធ្វើឡើងចំនួន៦ខេត្តដោយក្នុងនេះចាប់ផ្តើមដំបូងពីខេត្ត ពោធិ៍សាត់ កំពង់ស្ពឺ កោះកុង សៀមរាប និងចុងក្រោយរួមបញ្ចូលគ្នារវាងខេត្ត ប៉ៃលិននិងបាត់ដំបង។ចំណែកយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី១បានធ្វើឡើងរយៈពេល៦ខែពោលគឺចាប់ពីខែមិនា ឆ្នាំ ២០២២ដល់ខែ កញ្ញា ឆ្នាំ ២០២២ក្នុងខេត្តចំនួន ៦ដូចជា ក្រចេះ ស្ទឹងត្រែង រតនៈគិរី មណ្ឌលគិរី ព្រះវិហារ និងកំពុងធំ៕