(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវក្រាលបេតុងសរសៃដែកចំនួន២ខ្សែ ដែលផ្លូវលេខ៥៤២ ចាប់ពីផ្លូវជាតិលេខ៥ រហូតដល់ផ្លូវលេខ៥០៧ ប្រវែង ៦២១ម៉ែត្រទទឹង ៨ម៉ែត្រ និងដាក់លូរំដោះទឹកចំនួន៥២០កង់ និងកំណាត់ផ្លូវមុខវត្តទួលដូនប៉ុក ដល់ផ្លូវលេខ៥៤០ ប្រវែង៥០៣ម៉ែត្រ ទទឹង៨
ម៉ែត្រស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
នាឱកាសនោះលោក សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា សម្រាប់ផ្លូវនៅក្នុងសង្កាត់អូរចារ ត្រូវបានជួសជុលក្រាលបេតុងបានរួចស្រេចមួយចំនួនធំ ក្នុងនោះមានផ្លូវតូចៗជាច្រើនទៀតកំពុង បន្តធ្វើ ដូចនេះស្នើឱ្យអាជ្ញាធរសង្កាត់អូរចារ ខិតខំដោះស្រាយផ្លូវតូចៗទាំងនោះ ដោយប្រើប្រាស់នូវថវិកាដែលសង្កាត់មាន ដោយមិនត្រូវពឹងតែលើរដ្ឋបាលខេត្ត ឬរដ្ឋបាលក្រុងតែមួយមុខនោះទេ ធ្វើយ៉ាងណាព្យាយាមដោះស្រាយផ្លូវតូចៗ ជូនប្រជាពលរដ្ឋឱ្យបានប្រើប្រាស់ ហើយរដ្ឋបាលខេត្តក៏នៅតែបន្តជួយដូចគ្នា។
លោកបានស្នើសុំដល់រដ្ឋាករទឹក ដាក់កន្លែងទុយោសម្រាប់ភ្ជាប់ពេលមានអគ្គិភ័យកើតឡើង ពិសេសកន្លែងដែលពិបាករថយន្តអគ្គិភ័យចូលទៅដល់ទីតាំង។
លោកបានបន្តទៀតថា តាមការសន្យាជូនប្រជាពលរដ្ឋនៅសង្កាត់អូរចារ គឺត្រូវបានរៀបចំដាក់អំពូលសូឡាតាមដងផ្លូវនានានៅក្នុងសង្កាត់អូរចារ ក្នុងនោះលោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកអគ្គិសនីកម្ពុជា ដែលបានផ្ដល់នូវអំពូលសូឡានៅសង្កាត់អូរចារនេះចំនួន៣ភូមិ ជូនប្រជាពលរដ្ឋផងដែរ។
ក្នុងនោះលោកបានសំណូមពរដល់ប្រជាពលរដ្ឋ នៅតាមដងផ្លូវសូមមេត្តាសម្រួលដល់ក្រុមការងារជួសជុលផ្លូវ ក្នុងនោះត្រូវចូលរួមសហការដោយត្រូវផ្តល់ជាចំណីផ្លូវ ឬថយរបងរបស់ខ្លួនដើម្បីធ្វើការពង្រីកផ្លូវកាន់តែធំ ក្នុងនោះអាជ្ញាធរមូលដ្ឋានត្រូវធ្វើការសម្រួលដល់ប្រជាពលរដ្ឋ ក្នុងការថយរបងរបស់ខ្លួន សម្រាប់ផលប្រយោជន៍ប្រជាពលរដ្ឋជាធំ។
លោកបានណែនាំដល់ក្រុមការងារជំនាញ ពិនិត្យមើលផ្លូវថ្នល់ណាដែលបានជួសជុល និងកសាងដោយចាក់កៅស៊ូ ឬបេតុងហើយ ត្រូវរៀបចំអ៊ុតជាគំនូសនៅតាមដងផ្លូវឱ្យបានស្អាត ដោយឡែកសម្រាប់ផ្លូវចាស់ៗណា មិនមានប៉ះដល់គម្រោងកសាងស្ដារប្រព័ន្ធរំដោះទឹកកខ្វក់ទេ ត្រូវរៀបចំអ៊ុតគំនូសសម្គាល់ជាបណ្ដើរៗ និងត្រូវប្រើប្រាស់ថ្នាំដែលមានគុណភាពខ្ពស់ ប្រើប្រាស់បានរយៈពេលយូរអង្វែង៕