(កែប)៖ ផ្លូវលំមួយខ្សែប្រវែងសរុប ១,២៥០ម៉ែត្រ ត្រូវស្ថាបនា និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅភូមិចំការចេក ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ក្រោមវត្តមានលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប។

ផ្លូវមួយខ្សែនេះជាចំណងដៃថ្មីមួយទៀត របស់រាជរដ្ឋាភិបាល ជូនដល់បងប្អូនពលរដ្ឋដែលរស់ក្នុងតំបន់ភ្នំវល្លិ៍ នៃស្រុកដំណាក់ចង្អើរ។

លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ បានឲ្យដឹងថា ផ្លូវលំគ្រួសក្រហមប្រវែង ១,២៥០ម៉ែត្រ ទទឹង៤ម៉ែត្រ បានប្រើប្រាស់មូលនិធិស្រុក ឆ្នាំ២០២២ សរុបថវិកាអស់ចំនួន ៣០១.៥៥៨.៦០០រៀល ស្ថិតនៅភូមិចំការចេក ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ នេះជាសមិទ្ធផលថ្មីមួយទៀត របស់រដ្ឋបាលស្រុកដំណាក់ចង្អើរ ក្រោមការដឹកនាំរបស់លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត ដើម្បីប្រើប្រាស់ជាប្រយោជន៍សាធារណៈ។

លោកបណ្ឌិត សោម ពិសិដ្ឋ បានលើកឡើងថា នៅគ្រប់កាលៈទេសៈទាំងអស់ រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជានិច្ចកាលតែងតែ គិតគូដល់សុខទុក្ខ ការលំបាករបស់ប្រជាពលរដ្ឋ ហើយបានឧបត្ថម្ភគ្រប់បែបយ៉ាង ជាពិសេសសម្ដេចបានគ្រប់គ្រងស្ថានភាព នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា ឱ្យមានភាពធូរស្បើយ និងបានខិតខំស្វែងរកវ៉ាក់ សាំងប្រឆាំងជំងឺកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសដោយមិនគិតថ្លៃ ទើបធ្វើឱ្យស្ថានភាពជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា មានភាពធូរស្បើយច្រើន។

លោកអភិបាលខេត្ត បានបន្តថា ក្រោមដំបូលនៃសុខសន្តិភាព និងការអភិវឌ្ឍ ទើបយើងទាំងអស់គ្នា ទទួលបានផ្លូវលំនេះ ដែលជាសមិទ្ធិផលថ្មីមួយទៀតក្នុងចំណោមសមិទ្ធផលច្រើនទៀត ក្នុងភូមិសាស្រ្តស្រុកដំណាក់ចង្អើរ សម្រាប់បំរើដល់សេចក្តីត្រូវការក្នុងការធ្វើដំណើរ និងដឹកជញ្ជូនទំនិញផ្សេងៗ របស់ប្រជាពលរដ្ឋទៅកាន់ទីផ្សារ បានងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាព ហើយផ្លូវនេះ គឺមានសារៈសំខាន់ណាស់បម្រើវិស័យដល់សេដ្ឋកិច្ច សង្គមកិច្ច ធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែធូរធារ រួមចំណែកកាត់បន្ថយភាពក្រីក្រ បានកាន់តែឆាប់រហ័សផងដែរ។

ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណ ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបន្ដគាំទ្រគណបក្សប្រជាជន និងចូលរួមបោះឆ្នោត ជ្រើសរើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ២០២៣ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា៕