(កណ្តាល)៖ កម្លាំងនគរបាលស្រុកកៀនស្វាយ ខេត្តកណ្តាល នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ បានឃាត់យុវជនឈាមរាវម្នាក់ករណីធ្វើឲ្យខូចខាតដោយចេតនា (គប់កញ្ចក់រថយន្ត) បានហើយ ក្រោយទទួលបណ្ដឹងពីពលរដ្ឋម្ចាស់រថយន្តជាបន្តបន្ទាប់។
តាមរបាយការណ៍របស់នគរបាល ជនរងគ្រោះចំនួន៤នាក់ រួមមាន៖
*ទី១៖ ឈ្មោះ លី មិញថាំង អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម មុខរបរព្រូឡាន តំណាងម្ចាស់ឡាន មានទីលំនៅភូមិមីធឺង ឃុំមីធឺង ស្រុកមីទូ ខេត្តសុក្រត្រាំង។
*ទី២៖ ឈ្មោះ អឹក វណ្ណា អាយុ៤៦ឆ្នាំ មុខរបរម៉ៅការសំណង់ មានទីលំនៅភូមិវាល ឃ៉ំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
*ទី៣៖ ឈ្មោះ ផង់ រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរមានទីលំនៅភូមិចំបក់ ឃ៉ំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
*ទី៤៖ ឈ្មោះ រ៉េន ដារ៉ាន់ អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបរ មានទីលំនៅភូមិបោសខ្មោ ឃ៉ំប្រសើ ស្រុកចំការលើ ខេត្តកំពង់ចាម។
ជនសង្ស័យឈ្មោះ ផាន ប៊ុនថៃ ហៅឆៃ អាយុ២៩ឆ្នាំ មុខរបរមិនប្រាកដមានទីលំនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុក បានថ្លែងថា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង៣រសៀល ជនរងគ្រោះទាំង៤នាក់ បើករថន្តតាមបណ្តោយផ្លូវជាតិលេខ១ ដោយធ្វើដំណើរពី អ្នកលឿងទៅភ្នំពេញ។ ពេលបន្តដំណើរមកដល់ចំណុចភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រាប់តែជនសង្ស័យឈនៅលើចិញ្ចើមផ្លូវបានយកដ៉ំថ្មកៅស៊ូថ្នល់ចំនួន៣ដ៉ំ ទម្ងន់២គីឡូក្រាម គប់មកលើរថយន្តជនរងគ្រោះ ចំរថយន្តជាបន្តបន្ទាប់។ ពេលធ្វើសកម្មភាពរួចហើយ ជនសង្ស័យរត់គេចខ្លួន។ បន្ទាប់មកជនរងគ្រោះ បានដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ។
លោកបន្តថា ក្រោយពីទទួលបានពាក្យបណ្តឹងបានភ្លាម កម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ សហការជាមួយកម្លាំងអន្តារាគមន៍ ស្រុកកៀនស្វាយ ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចុះដល់ចំណុចកើតហេតុ រួចធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាតាមការចង្អុលបង្ហាញរបស់ជនរងគ្រោះ ដែលសហការចុះឃាត់ខ្លួន តែជនសង្ស័យមិនសហការ ប្រគល់ខ្លួន មកសមត្ថកិច្ចឡើយ រហូតមានប្រើកាំបិត និងប្រើថ្មគប់មកលើសមត្ថកិច្ចថែមទៀត។
ក្រោយកិច្ចប្រតិបត្តិការ កម្លាំងបាននាំខ្លួនជនសង្ស័យ មកកាន់អធិការនគរបាលស្រុកកៀនស្វាយដើម្បីសាកសួរ និងបន្តនីតិវិធី។ នៅចំពោះមុខសម្ថតកិច្ចជនសង្ស័យ បានឆ្លើយសាតភាពថា ខ្លួនពិតជាបានរើសយកដ៉ំថ្មកៅស៊ូថ្នល់ ជាតិចំនួន៣ដំ គប់ទៅលើរថយន្តរបស់ជនរងគ្រោះពិតប្រាកដមែន។ ក្រោយពីធ្វើការសាកសួររួចរាល់ហើយ ជនសង្ស័យរួមទាំងវុត្ថតាង ឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការនគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនីតីវិធី៕