(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ លោក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ បុគ្គលិកសិក្សា និងសិស្សានុសិស្ស នៅសាលាចំនួន០២ គឺសាលាបឋមសិក្សា កែវមុនី និងសាលាវិទ្យាល័យ-អនុវិទ្យាល័យ សម្តេច ហ៊ុន សែន ព្រែកកំពឹស ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។
កិច្ចសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមពីលោក អ៊ុយ សុន អនុប្រធានក្រុមការងារ លោក កន សុកេន ចៅសង្កាត់ព្រែកកំពឹស លោក លោកស្រី ក្រុមការងារអមដំណើរ ក្រុមការងារភូមិ-សង្កាត់ យុវជន ស.ស.យ.ក សង្កាត់ ព្រមទាំងលោកគ្រូ-អ្នកគ្រូ បុគ្គលិកសិក្សា សិស្សានុសិស្ស ទាំង០២សាលា សរុបមានចំនួន ១,៧១៨នាក់។
នៅក្នុងឱកាសនោះ លោក រ័ត្ន ស៊្រាង បាននាំយកទឹកដោះគោបឺតទៅចែកជូនក្មួយៗសិស្សានុសិស្សគ្រប់ៗគ្នា និងបានចែកនូវសម្លៀកបំពាក់កីឡា បន្ថែមដល់សិស្សមានទីលំនៅក្រៅមូលដ្ឋាន សង្កាត់ព្រែកកំពឹស ដែលបានមក សិក្សានៅក្នុងសាលា ហើយមិនទាន់បានទទួលខោអាវកីឡា ដូចសិស្សដែលមានទីលំនៅក្នុងសង្កាត់ព្រែកកំពឹស និងបានឧបត្ថម្ភបាល់ជូនដល់សាលាទាំង២ផងដែរ៕