(ក្រចេះ)៖ គណៈបញ្ជាការឯកភាពខេត្តក្រចេះ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំត្រៀមផែនការការពារសន្តិសុខសណ្តាប់ធ្នាប់សម្រាប់យុទ្ធនាការឃោសនា និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ដួង ពៅ អភិបាលរងខេត្តក្រចេះ និងលោក អ៊ីវ សុផានី ប្រធានគណៈកម្មការខេត្តក្រចេះរៀបចំការបោះឆ្នោត។
លោក ដួង ពៅ បានលើកឡើងថា ការចាត់តាំងអនុវត្តផែនការស្តីពីកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈសុវត្ថិភាព និងសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ក្នុងមូលដ្ឋានខេត្តក្រចេះ ដើម្បីធានាសន្តិសុខសុវត្ថិភាពសម្រាប់ការបោះឆ្នោត គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ខេត្តសម្រាប់ការបោះឆ្នោតបានរៀបចំយន្តការរចនាសម្ព័ន្ធសន្តិសុខបោះឆ្នោតខេត្ត និងបានកសាងផែនការធានាពង្រឹងស្ថានការណ៍សន្តិសុខទូទៅ ក៏ដូចជាផែនការដាក់ពង្រាយកម្លាំងដើម្បីធានាសន្តិសុខសម្រាប់ការបោះឆ្នោត ព្រមទាំងបានរៀបចំវគ្គបណ្តុះបណ្តាលភ្នាក់ងារសន្តិសុខបោះឆ្នោត អំពីច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជានីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោតផងដែរ។
លោក ដួង ពៅ បានកោតសរសើរ និងវាយតម្លៃខ្ពស់ទៅលើកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពជំនាញជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ដែលកន្លងមកបានបំពេញការងារតាមតួនាទីភារកិច្ចទទួលបានលទ្ធផលល្អ ហើយក៏ជាមោទនភាពដែលយើងទាំងអស់គ្នាបានខិតខំអនុវត្តការងារតាមផែនការធ្វើឱ្យខេត្តក្រចេះមានការអភិវឌ្ឍរីកចម្រើន ព្រមទាំងកសាងបាននូវសមិទ្ធផលថ្មីៗជាច្រើនជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដូច្នេះយើងត្រូវខិតខំបន្ថែមទៀត ក្នុងន័យបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើការដោះស្រាយបញ្ហាប្រឈមនានា ក៏ដូចជាបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សទាន់សភាពការណ៍ និងមានប្រសិទ្ធភាពខ្ពស់។
លោកអភិបាលរងខេត្តក្រចេះបានជំរុញដល់កងកម្លាំងទាំង៣ប្រភេទ ត្រូវសហការយ៉ាងជិតស្និទជាមួយអាជ្ញាធរពាក់ព័ន្ធ និងគណៈកម្មការរៀបចំការបោះឆ្នោតរៀបចំធ្វើផែនការជាក់លាក់ ក្នុងការធានាដល់សន្តិសុខ សណ្តាប់ធ្នាប់នៅមូលដ្ឋានរបស់ខ្លួនឱ្យបានច្បាស់លាស់ ដើម្បីធ្វើការពង្រាយកម្លាំងឱ្យអស់លទ្ធភាព ដោយបញ្ជូនទៅដល់ក្រុង/ស្រុក ឃុំ/សង្កាត់ និងប្រមូលកម្លាំងប្រជាការពារជួយក្នុងប្រតិបត្តិការណ៍ និងការពារនៅតាមការិយាល័យបោះឆ្នោតនីមួយៗ ផ្អែកតាមផែនការដែលបានកំណត់៕